pប្រជាពលរដ្ឋរាយការមកថា ក្រុមរថយន្តដឹកដី និងថ្ម ចេញពីបឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ កំពុងបំពុលបរិស្ដាន និងរំខានដល់ជីវភាព សុខភាព សុវត្ថិភាព ជាពិសេសអ្នកធ្វើដំណើរ និងរស់នៅអមសងខាងផ្លូវបានរងដោយធូលីហុយ បើកគេចពំនូកដី និងថ្ម ដែលជ្រុះពីទ្រុងរថយន្ត។
ចំណុចដែលក្រុមរថយន្តទាំងនោះឆ្លងកាត់ ផ្ដើមចេញពីមហាវិថីឈ្នឈ្នះ និងកំណាត់ផ្លូវបេតុងទើបសង់ហើយថ្មី ចាប់ពីភូមិស្វាយចេក ខណ្ឌព្រែកព្នៅ មុនបន្តដំណើរទៅតាមបណ្ដាផ្លូវផ្សេងទៀត ក្នុងភូមិសាស្ត្ររាធានីភ្នំពេញ។
ទាក់ទងករណីនេះលោក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ មិនទាន់បញ្ជាក់ពីការអនុវត្តន៍ច្បាប់នៅគោលដៅច្រកចេញចូលក្រុមរថយន្តខាងលើនៅឡើយ។
ចំណែកលោក សាន សីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានលើកឡើងថាករណីនេះគួររាយការណ៍ច្រេីនទៅសាលារាជធានី និងសាលាខណ្ឌ។ ដោយលោកបញ្ជាក់ថា «ជាក់ស្ដែងវាមិនមែនត្រូវតែមានខាងចរាចរណ៍ទេណា! ត្រូវតែមានការចូលរួមទាំងអស់គ្នា មិនអាចលើកបន្ទុកបណ្ដាក់នៅលើការងារចរាចរណ៍តែមួយមុខទេ ត្រូវមានការរាយការណ៍ទៅដល់ថ្នាក់លើ ថ្នាក់អីទាំងអស់ទៅរាយការណ៍ទៅក្នុងទឹកដីខណ្ឌណា គណៈបញ្ជាការឯកភាពខណ្ឌ រាយការណ៍ទៅគណៈបញ្ជាការឯកភាពក្រុងទៅ បើចរាចរណ៍ពេលខ្លះគាត់ ហៅថាម្នាក់ឯងក៏មិនកើត សំខាន់មានការចូលរួមដឹកនាំពីគណៈបញ្ជាការឯកភាពដែរ»។
ដោយឡែកលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ពុំទាន់មានការបញ្ជាក់ទេ ជុំវិញករណីនេះ។ រីឯម្ចាស់អាជីវកម្ម លោក ញឹក ផន ហៅ (កៅ) ក៏មិនទាន់តបសារសំណួរពីក្រុមការយើងខ្ញុំនៅឡើយផងដែរនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ។
គួររំលឹកថា បើតាមបទដ្ឋានបច្ចេកទេសច្បាប់ និងសារាចរណ៍ណែនាំរបស់អន្តរក្រសួង ក្នុងការដឹកជញ្ជូនធនធានរ៉ែ (ដី ថ្ម ខ្សាច់) បានកំណត់ដល់អ្នកដឹកជញ្ជូន និងម្ចាស់ទីតាំងអាជីវកម្មថា រាល់ការអនុញ្ញាតឱ្យដឹកជញ្ជូនមិនត្រូវផ្ទុកលើសទ្រុងរថយន្ត មិនឱ្យលើសទម្ងន់ ដឹកដីឬខ្សាច់ស្ងួត គ្រប់ឱ្យជិត ដែលមិនបង្កឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិសាធារណៈ ។ល។ ៕