កាយដីភ្នំមកចាក់បំពេញដីព្រៃបម្រុងស្មាច់យកជាកម្មសិទ្ធិបុគ្គលនៅឃុំថ្ម ស្រុកបូទុមសាគរ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 31 ឧសភា 2023
កាយដីភ្នំមកចាក់បំពេញដីព្រៃបម្រុងស្មាច់យកជាកម្មសិទ្ធិបុគ្គលនៅឃុំថ្ម ស្រុកបូទុមសាគរ

សកម្មភាពកាយដីជើងភ្នំល្មើសច្បាប់យកមកចាក់លុបអតីតដីព្រៃបម្រុងស្មាច់ធ្វើព្រំប្រទល់ ធ្វើផ្លូវយកជាកម្មសិទ្ធបុគ្គលនៅចំនុចក្បាលព្រែក ភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ កោះកុង។ បើតាមអ្នកភូមិបានឱ្យដឹងថា សកម្មភាពនេះកើតឡើងរាប់សប្ដាហ៍មកហើយ គ្មានការហាមឃាត់ពីអាជ្ញាធរសង្ស័យគប់គិតគ្នាជាក្រុម។

បច្ចុប្បន្នការកាយដីភ្នំចាក់បំពេញដីព្រៃបម្រុងស្មាច់នេះបានកំពុងសម្រុកធ្វើដោយគ្រឿងច្រកធុនធំជាច្រើនគ្រឿងដើម្បីសម្រេចគោលបំណងរបស់ពួកគេ។

កាយដីភ្នំមកចាក់បំពេញដីព្រៃបម្រុងស្មាច់យកជាកម្មសិទ្ធិបុគ្គលនៅឃុំថ្ម ស្រុកបូទុមសាគរ

ទាក់ទងសកម្មភាពខាងលើលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរបានឱ្យ 1Post ដឹងថានៅចំណុចក្បាលព្រែកនោះ ម្ចាស់ដីដែលមានលិខិតកាន់កាប់បានសុំធ្វើផ្លូវចូលដី ដោយកាយជាស្រះនៅក្នុងបរិវេណដីរបស់ខ្លួនមកធ្វើផ្លូវ។ តែបើកាយដីភ្នំរដ្ឋបាលស្រុកមិនបានអនុញ្ញាតទេ។លោកថាករណីនេះធ្លាប់ឱ្យខាងឃុំចុះពិនិត្យម្ដងរួចមកហើយ បើដូចការសុំកាយស្រះចិញ្ចឹមត្រីយកដីធ្វើផ្លូវនោះមិនអីទេ។ ហើយលោកនឹងអាចចាត់ឱ្យក្រុមការងារទៅមើលលើករណីនេះ។

កាយដីភ្នំមកចាក់បំពេញដីព្រៃបម្រុងស្មាច់យកជាកម្មសិទ្ធិបុគ្គលនៅឃុំថ្ម ស្រុកបូទុមសាគរ

ចំណែកលោក សេង ជាវ រស់នៅសហរដ្ឋអាម៉េរិក ដែលជាឈ្មួញទិញដីព្រៃបម្រុងស្មាច់នេះក្រុមការងារ 1Post មិនទាន់សុំការបញ្ជាក់បាននៅឡើយ។ រីឯអ្នកមើលការខុសត្រូវការងារឱ្យលោក សេង ជាវ និងជាម្ចាស់គ្រឿងចក្រកាយដីខាងលើមិនទាន់មានការបញ្ជាក់នៅបន្ទាប់ពីទូរសព្ទចូលគ្មានអ្នកទទួលកាលពីព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។

កាយដីភ្នំមកចាក់បំពេញដីព្រៃបម្រុងស្មាច់យកជាកម្មសិទ្ធិបុគ្គលនៅឃុំថ្ម ស្រុកបូទុមសាគរ

សូមរម្លឹកថា ដីនេះជាអតីតដីព្រៃស្មាច់ ឬ ដីបម្រុងស្មាច់ផ្នែកខ្លៈលិចទឹកនៅជាប់ព្រែកធម្មជាតិក្រោយមកក៏មានការទន្ទ្រានយកលក់តគ្នាជាបន្តបន្ទាប់ក្រោមរូបភាពពលរដ្ឋកាន់កាប់អាស្រ័យផល តែនៅលើដីនោះភាគច្រើនគ្មានការដាំដុះដំណាំអាស្រ័យផលអ្វីនោះទេ ពោលគឺមិនទាន់កែប្រែស្ថានភាពដីអស់នៅឡើយ៕ ព័ត៌មានបឋម