កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះកម្លាំងជលផលកោះកុង បានចាប់ទូកនេសាទ៣គ្រឿង ដោយបានចោទថា នេសាទល្មើសច្បាប់ចូលក្នុងដែនទឹករាក់ថ្មស ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាទីហាមឃាត់សម្រាប់ឱ្យជីវចម្រុះកកើតឡើងវិញ។
ក្រោយចាប់ឃាត់ទុកមួយរយៈខ្លីទូកពីរគ្រឿងត្រូវបានដោះលែងទៅវិញ សល់ ១គ្រឿង កើតជារឿតានតឹងដាក់គ្នារវាងម្ចាស់ទូកនិងជំនាញជលផល មុននឹងបញ្ជូនទៅតុលាការ។
បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកោះកុង លោក អីម៉េង លាង បានឱ្យដឹងថា ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយទូក១គ្រឿងនោះ គ្រាដែលម្ចាស់ទូកបានយកកម្លាំងមកពីកំពង់សោម បម្រុងរំដោះទូកយកទៅវិញ ប៉ុន្តែជំនាញបានសហការជាមួយកម្លាំងសមត្ថកិច្ចបញ្ជូនកម្មករនិងទូកទៅខេត្តកោះកុង ដើម្បីចាត់វិធានការតាមនីតិវិធី ដែលចំណាត់ការនេះហាក់ផ្ទុយពីប៉ុន្មានថ្ងៃមុនលោកបានប្រាប់អ្នកកាសែតថា ទូកល្មើសដែលចាប់បាននឹងចាត់វិធានការតាមច្បាប់ទាំងអស់ តែទូកពីរគ្រឿងត្រូវបានដោះលែងទៅហើយ។
ចំណែកលោក ពេជ្រ ថារិន ដែលអះអាងជាម្ចាស់ទូកបានឱ្យដឹងថា ទូកដែលជលផលចាប់បាននេះគឺតៃកុងរបស់គាត់អូសនៅឆ្ងាយណាស់មិនមែនអូសចូលក្នុងដែនទឹករាក់នោះទេ ហេតុអ្វី ទៅចាប់។លោកថា អ្នកដែលចាប់ទូកនោះបានទាលុយពីតៃកុងទូករបស់លោកចំនួនពីរលានរៀល តែលោកមិនព្រមឱ្យទើបគេចាប់ គ្រានៅពេលយប់នោះចាប់ទូកបានចំនួន ៣គ្រឿង ក្រោយមកលែងទៅវិញ ២ទូកនៅសល់តែទូកដែលជារបស់លោក។
លោកបញ្ជាក់ទៀតថា រឿងរ៉ាវដែលជលផលថា ចង់ទៅរំដោះទូកនោះមិនពិតទេ លោកគ្រាន់តែឱ្យកូនចៅទៅមើលទូក ពីព្រោះតៃកុងត្រូវបានជលផលនិងសមត្ថកិច្ចហៅឡើងលើគោគអស់ហើយខ្លាចទូកលិច បើទឹកចូលនោះអត់មានអ្នកបូមចេញទេ តើមាននរណាជាអ្នកទទួលខុសត្រូវ។
សូមរម្លឹកថា បើតាមទ្រង់ទ្រាយឧបករណ៍បំពាក់នៅលើទូកអូសខ្នាតធំមួយនេះគេហៅថា ទូកអូសឡាឃិក ជាទូកអូសជម្រៅចូលទៅក្នុងភក់ប្រមាណជាងកន្លះម៉ែត្រ អូសយកជីវចម្រុះទាំងក្នុងទឹកនិងក្នុងភក់មិនរើសមុខ ដែលប្រឈមនឹងការបំផ្លាញធ្ងន់ធ្ងរ។
ទូកនេសាទកែឆ្នៃប្រភេទនេះដើមឡើយមានប្រភពមកពីប្រទេសថៃនិងភូមា គ្រាដែលប្រទេសគេបិទអស់ហើយតាំងឆ្នាំ ២០០៩មក ហើយនៅប្រទេសថៃ បើអ្នកណានៅនេសាទទូកអូសប្រភេទនេះ អាជ្ញាធរថៃចាប់បានគឺត្រូវរឹបអូសយកទាំងអស់លក់ឡាយឡុងទុកជាទ្រព្យសម្បតិ្តរបស់រដ្ឋហើយម្ចាស់ទូកត្រូវ ជាប់ពន្ធនាគារចំនួន ៥ឆ្នាំ និងពិន័យជាប្រាក់វ៥០ម៉ឺនបាតលុយសុទ្ធទៀត៕