មនុស្សប្រុសស្រី ១ក្រុមជួបជុំគ្នាប្រើប្រាស់ថ្នាំញៀន នៅក្នុងបន្ទប់ខុនដូមួយកន្លែង គ្រាដែលចុះបង្ក្រាបធ្វើឱ្យយុវជនម្នាក់ក្នុងចំណោមនោះ ភ័យស្លន់ស្លោ រត់គេចតោងបង្កាន់ដៃផ្លោះពីបន្ទប់មួយទៅបន្ទប់មួយ តែអកុសលរបូតដៃធ្លាក់ចុះពីជាន់ទី១០ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រីឯ៦នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៣រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ នៅចំណុចខុនដូ រាជសម្បត្តិ ស្ថិតនៅជាន់ទី១០ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៥៩៦ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
អ្នកដែលស្លាប់នោះឈ្មោះ លាង ភេទប្រុស អាយុ២៥ឆ្នាំ និងជនសង្ស័យទាំង៦នាក់ទៀតរួមមានទី១-ឈ្មោះលី សុជាតា ភេទស្រី អាយុ ២២ឆ្នាំ។ ទី២-ឈ្មោះសូ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ។ទី៣-ឈ្មោះអ៊ួន រ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះ ឆេង សុខឡេង ភេទប្រុស អាយុ១៦ឆ្នាំ។ទី៥-ឈ្មោះមុំ ភារុន ភេទប្រុស អាយុ១៤ឆ្នាំ និងទី៦-ឈ្មោះលូវ យៀកស៊ី អាយុ១៨ឆ្នាំ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន សារធាតុញៀន ចំនួន១៤កញ្ចប់ និងទឹកសម្រាប់លាយមួយដប។
បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន ៦នាក់និងវត្ថុតាងត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀនកសាងចាត់ការតាមនីតិវិធី៕