នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសុំចតនៅកំពង់ផែក្រុងព្រះសីហនុពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីការបំពេញបេសសកម្ម យ៉ាងយូរលើផ្ទៃសមុទ្រ ដែលការចូលសុំចតនេះនឹងជាឱកាសមួយក្នុងការរិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានាវារបស់កងទ័ពបារាំងនៅប៉ូលីនេស៊ី ដែលស្ថិតក្រោមការបញ្ជារបស់ឧត្តមនាវី Geoffroy Andigné នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្ដល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។ នាវានេះមាន បណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ ជាទូទៅនាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងដែន ទឹកអន្តរជាតិនិងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្ដាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក។
នាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំងចំពោះក្រុមនាវិកតែងធ្វើការផ្លាស់ប្តូរនិងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។សកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះជាមួយទាហានជើងទឹកនៃប្រទេសដៃគូ។
សូមរម្លឹកថា ការចូលសុំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសុំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញា ថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕