លោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលសារព័ត៌មានមួយចំនួនចុះផ្សាយជាបន្តបន្ទាប់រឿងបើកដៃឱ្យជនជាតិវៀតណាមថៃចូលនេសាទនៅក្នុងដែនសមុទ្រកម្ពុជាបានល្បីមកថាលោកជាឱពុកបង្កើតរបស់លោក ហេង ហាប់ អតីតស្នងការរងខេត្តកំពត ធ្លាប់លួចអាយផេតគេ ដែលក្រសួងមហាផ្ទៃដកហូតដំណែងវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីឡើងកាន់ដំណែងបានមួយចម្អិនកំពឹសហើយផ្ទុះការរិះគន់ពីមហាជន។
ចំណែកលោក ទូច ពលៈ ហៅស្រន់ ជាឱពុកក្រៅពីព័ត៌មានចុះផ្សាយរឿងមិនប្រកតីលើផ្ទៃសមុទ្រក៏ធ្លាយរឿងមួយទៀតថា ជំនួយការជិតស្និតរបស់លោកម្នាក់ឈ្មោះ ម៉េង បញ្ញា ធ្វើសកម្មភាពទុច្ចរិតធ្ងន់ធ្ងរក៏ត្រូវក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខណ្ឌផងទៀត តែត្រូវបានលោក ទូចពលៈ ហៅ ស្រន់ បញ្ជាក់ជូនថ្នាក់ដឹកនាំថា «លោក ម៉េង បញ្ញា ពីមុនមកជាជំនួយការរបស់លោកមែន តែដោយបានប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនគរបាលជាតិ (ករណីឆបោក និងក្លែងបន្លំឯកសារសាធារណៈ) ក្រោយធ្វើការកោះប្រជុំក្រុមប្រឹក្សាវិន័យវាយតម្លៃទៅលើកំហុសឆ្គងត្រូវបានក្រសួងមហាផ្ទៃចេញប្រកាសបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាំងពីថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចុប្បន្នមិនជាប់ពាក់ព័ន្ធជាមួយនាយកដ្ឋាននគរបាលការពារព្រំដែនទឹកទៀតទេ»
ដោយឡែកចំពោះការធ្លាយរឿងមិនប្រកតីបណ្ដែតបណ្ដោយឱ្យទូកវៀតណាម ចូលនេសាទក្នុងដែនសមុទ្រកម្ពុជា លោក ទូច ពលៈ ឱ្យមើលការបំភ្លឺរបស់លោកនាពេលកន្លងទៅ ពោលគឺការបំភ្លឺនោះបានបដិសេធថាជារឿងមិនពិត ក្នុងនាមជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកគាត់តែងតែយកចិត្តទុកដាក់ក្នុងការដឹកនាំគ្រប់គ្រងកងកម្លាំងក្រោមឱវាទឱ្យបំពេញតួនាទីភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យក្នុងការការពារបូរណភាព អធិបតេយ្យភាពដែនសមុទ្រ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែនសមុទ្រ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដោយឧប្បត្តិហេតុផ្សេងៗដែលកើតឡើងជាយថាហេតុ។ ទោះយ៉ាងនេះក្ដីនេះលិខិតបំភ្លឺដែលមានសំណេររៀបរាប់បញ្ជាក់ថាលោកមិនបានប្រព្រឹត្តកំហុសដូចប្រភពដំណឹងដែលបានចុះផ្សាយលើបណ្ដាញសារព័ត៌មាននោះ ប្រសិនបើមានរូបភាពវីដេអូចុះដេញប្រថាប់ចាប់ប្រភីងលើការបង្ក្រាបទូកជនបរទេសមកនេសាទក្នុងដែនសមុទ្រកម្ពុជាម្លេះជាអំណៈអំណាងកាន់តែប្រសើរ។ រីឯសំណួររឿងទំនាក់ទំនងរវាងលោក និងលោក ហេង ហាប់ អតីតស្នងការរងខេត្តកំពតលោក ពលៈ ពុំមានការបញ្ជាក់នៅឡើយ។
ក្នុងនោះបើតាមប្រភពដំណឹងមួយទៀតដែល 1Post ទទួលបានឱ្យដឹងបន្ថែមទៀតថា អ្នកមួយចំនួនកាន់កិច្ចការឱ្យមេ ហាក់ដូចជាមានការកៀបសង្កត់គំរាមកំហែងតម្រូវឱ្យមន្ត្រីក្នុងអង្គភាពស៊ែលិខិតបំភ្លឺបដិសេធរបស់ប្រធាននាយកដ្ឋាន ដោយចេញសំណេរថា «ករណីមិនស៊ែតាមការណែនាំនឹងទទួលខុសត្រូវខ្លួនឯង» «ជួយពិនិត្យមើលអ្នកមិនទាន់ស៊ែរាយការណ៍មកខ្ញុំ» ជាដើម។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ (ព័ត៌មានបឋម) វីដេអូ https://fb.watch/n4HmLbO5Y7/?mibextid=cr9u03