នាវាទេសចរណ៍ ១គ្រឿងមានឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹង២៨ម៉ែត្រ និងជម្រៅទឹក៦,៧០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩នាក់ និងនាវិក៤៣០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។
នាវានេះធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តពេលធ្វើទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជនសំខាន់ៗក្នុងខេត្ត មុនចាកចេញទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ។ នៅលើកនាវាខ្នាតយក្សនេះភ្ញៀវទេសចរ មានសញ្ជាតិច្រើនជាងគេ គឺជនជាតិអាមេរិកចំនួន ២៥០នាក់, អង់គ្លេសចំនួន ៥០នាក់ និងអូស្ត្រាលីចំនួន ៥៤នាក់។
នេះនាវាទេសចរណ៍ខ្នាតយក្សចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជាលើកទី៣ ហើយដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈដោយសារការរាំងស្ទះពីវិបត្តិជំងឺកូវីដ១៩ កន្លងមក៕