ផ្លូវទៅភូមិពោធិ៍បឹង (ឆាយរាប) ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានពលរដ្ឋជាង ៣០០គ្រួសាររស់នៅ និងជាទីកំណើតជនជាតិភាគតិច (ជង) ដែលជាម្ចាស់ស្រុក។
ភូមិពោធិ៍បឹង ហៅឆាយរាប ជាភូមិដាច់ស្រយាលមួយមានចម្ងាយជាង៦០ គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល ព័ទ្ធជុំវិញដោយព្រៃភ្នំជាតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញខាងតត្បូង ស្ថិតក្រោមគម្រោងរេដបូក ដែលគួរតែត្រូវបានជួយជ្រោមជ្រែងជាអាទិភាពពីអាជ្ញាធរខេត្ត និងអ្នកដែលកាន់កញ្ចប់ថវិកាពរបស់គម្រោងក្នុងការធ្វើឱ្យមានភាពប្រសើរឡើងលើផ្លូវ និងស្ពាន ដែលកំពុងខ្វៈខាតយ៉ាងខ្លាំង។
គម្រោងរេដបូកនេះគឺមានក្រសួងបរិស្ថាន និងអង្គការសម្ព័នមិត្តសត្វព្រៃ (Wildlife Alliance) ជាតួសំខាន់ក្នុងការគ្រប់គ្រងកញ្ចប់ថវិកា។
តើគម្រោងរេដបូកជាអ្វី? រេដបូកមានពាក្យពេញពីភាសារអង់គ្លេសថា (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។
រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិនិងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុនេះក៏បានលើកទឹកចិត្តដល់បណ្ដាប្រទេសសម្បូរណ៍ព្រៃឈើខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។ ក្នុងនោះក៏មានកម្ពុជាយើងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងនាពេលកន្លទៅថា «ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall ជាដើម»។
ថវិកាទាំងអស់នេះបានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។
គួរម្លឹកថា កញ្ចប់ថវិកាដែលកម្ពុជាទទួលបាននេះកន្លងទៅសហគមន៍ពលរដ្ឋក្នុងគោលដៅខាងលើក៏ធ្លាប់ទទួលបានយកទៅអភិវឌ្ឍន៍មូលដ្ឋានផងដែរ ដូចជាធ្វើការសាងសង់អណ្ដូងទឹក ផ្លូវ និងការផ្ដល់អាហាររូបករណ៍ដល់សិស្សជាដើម។ តែសម្រាប់សហគមន៍ពោធិ៍បឹងថវិកាដែលទទួលបានមិនគ្រប់តម្រូវការដើម្បីធ្វើផ្លូវឱ្យបានល្អរឹងមាំនៅឡើយ ពិសេសខ្វះខាតស្ពានឆ្លងចេញចូលទៅកាន់ភូមិ ខ្វះពេទ្យជំនាញ និងសាលាវិទ្យាល័យ ដែលជាតម្រូវការសំខាន់។
បើតាមលោក យ៉ែម ខឿន មេភូមិពោធិបឹង បានឱ្យ 1Post ដឹងថា ចំនួនពលរដ្ឋរស់នៅក្នុងភូមិនេះមាន ៣២៧គ្រួសារ ដែលមួយចំនួនជាជនជាតិដើមភាគតិចជង។ លោកបន្តថា អ្នកភូមិនេះពុំដែលបានផ្លូវគ្រោះក្រហមសម្រាប់ធ្វើដំណើរនោះទេតាំងពីដូនតាមក ស្ពានឆ្លងស្ទឹងចូលភូមិ សេវាក្នុងមណ្ឌលសុខភាព និងសាលាវិទ្យាល័យក៍ខ្វះខាតផងដែរ។ ហើយពេលជញ្ជូនអ្នកជំងឺមកទីរួមស្រុកស្រែអំបិលម្ដងៗនៅរដូវវស្សាតាមផ្លូវទឹកចំណាយពេល៦ទៅ៨ម៉ោង ខ្លះស្លាប់តាមផ្លូវក៏មានព្រោះតែគ្មានផ្លូវគោកល្អងាយស្រួលធ្វើដំណើរ៕ តាពេជ្រ