លោក ហន រស្មី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្រែអំបិល ត្រូវបានគេសង្ស័យថា បើករថយន្តបុកជាមួយម៉ូតូបណ្ដាលឱ្យបុរសជនជាតិឥណ្ឌាម្នាក់ស្លាប់ ព្រោះរថយន្តដែលបុកនោះគេតែងតែឃើញលោកជិះប្រើប្រាស់ជារៀងរាល់ថ្ងៃ។
គ្រោះថ្នាក់ខាងលើបានកើតឡើងនៅត្រង់ចំណុចផ្លូវកោង ទល់មុខផ្ទះលក់គ្រឿងសំណង់ យីហោលីយី ស្ថិតនៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល កាលពីល្ងាចថ្ងៃទី០៦ខែ មករាឆ្នាំ២០២៣។
បើតាមប្រភពព័ត៌មានដែល 1Post ទទួលបានរថយន្ត ម៉ាកឡិចស៊ីស៤៧០ បើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចផ្លូវកោងខាងលើក៏បានបុកជាមួយម៉ូតូពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឱ្យបុរសជនជាតិឥណ្ឌាស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះ ឈ្មោះ ម៉ាហែល គូម៉ាអាយុ៤៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ S7679824 ទីកន្លែងកំណើតនៅស្រុកហ្គូរ៉ាក់ពួ ខេត្តអ៊ុតតឺប្រាដែស។ បច្ចុប្បន្នសាកសពត្រូវបានបូជារួចរាល់ហើយនៅវត្តស្រែអំបិល រង់ចាំសាច់ញាតិមកទទួលធាតុយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយមានការចរចាសម្របសម្រួលគ្នាជាមួយប្អូនប្រុសជនជាតិឥណ្ឌាដែលបានស្លាប់នោះ។ រីឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
ពាក់ព័ន្ធករណីខាងលើនេះ លោក ហន រស្មី មេបញ្ជាការកងរាជអាវុធស្រុកស្រែអំបិល មិនទាន់មានការបញ្ជាក់នៅឡើយ កាលពីព្រឹកថ្ងៃទី០៨ មករា ឆ្នាំ២០២៣ បន្ទាប់ពីលោកទទួលសារសំណួរពី 1Post តាមតេឡេក្រាម និងលេខទូរសព្ទដៃរបស់លោក។
ចំណែកលោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានឱ្យអ្នកសារព័ត៌មានដឹងថា រឿងនេះធ្វើតាមនីតិវិធី ហើយបញ្ជូនសំណុំរឿងទៅតុលាការ។ លោកអធិការថា ជនបង្កបានរត់គេចខ្លួនបាត់ទៅហើយ រឿងនេះទុកឱ្យតុលាការចាត់ការតាមផ្លូវច្បាប់ចុះ។
បើតាមប្រភពមួយទៀតដែល 1Post ទទួលបានកាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣បន្ទាប់ពីប្អូនជនរងគ្រោះជនជាតិឥណ្ឌា និងភរិយា លោក ហន រស្មី ហៅស្មី បានទៅជួបចរចាត្រូវគ្នា ដោយមានសំណងជាសាច់ប្រាក់ និងកិច្ចសន្យាផ្សេងៗរបស់គូភាគី។ តែបើមើលទៅលើទិដ្ឋភាពផ្លូវច្បាប់ករណីនេះមិនអាចបញ្ចប់រឿងត្រឹមការត្រូវរូវគ្នារវាងគូភាគីនោះទេ (បានន័យថាបណ្ដឹងព្រហ្មទណ្ឌគឺជាសមត្ថកិច្ចផ្ដាច់មុខរបស់ព្រះរាជអាជ្ញាដែលជាអ្នកតំណាងឱ្យរដ្ឋដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែបណ្ដឹងរដ្ឋប្បវេណីជាសិទ្ធិរបស់ភាគីជនរងគ្រោះ អ្នកដែលបុកគេស្លាប់ត្រូវតែយកទៅអនុវត្តច្បាប់)។
សូមរម្លឹកថា បើតាមច្បាប់ចរាចរណ៍ផ្លូវគោកត្រង់ចំណុច (ឃ) នៃមាត្រា ៨៥ បានចែងថា ជនណាដែលមិនគោរពកាតព្វកិច្ចបទប្បញ្ញត្តិស្ដីពីច្បាប់ចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់ អ្នកដទៃហើយរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុស។ ត្រូវផ្ដន្ទាទាទោសដាក់ពន្ធនាគារចាប់ពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១០លាន ទៅ២៥លានរៀល៕ តាពេជ្រ