បន្ទាប់ពីមានអេស្កាទ័រពីរគ្រឿងឈូសឆាយដីព្រៃនិងកាយប្រឡាយល្មើសច្បាប់ជាច្រើនថ្ងៃនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយអាជ្ញាធរទទួលព័ត៌មានបានហើយ មិនព្រមចុះបង្ក្រាបឱ្យទាន់ពេលវេលានោះទេ គឺទុកចោលរាប់ថ្ងៃ ពេលចុះទៅមែនទែនគ្រឿងចក្រទាំងនោះរត់ពួនបាត់កាលពីថ្ងៃទី០៤ មករា ឆ្នាំ២០២៣។
ការដែលមានសកម្មភាពបែបនេះនាំឱ្យពលរដ្ឋកើតឆ្ងល់ថា ឥទ្ធិពលឈ្មួញអ្នកមានពិតជាហ៊ានដោយមិនខ្លាចក្រែងអាជ្ញាធរជាអ្នកអនុវត្តច្បាប់សូម្បីបន្តិច ព្រោះគ្មានច្បាប់អនុញ្ញាតផង ហ៊ានដឹកគ្រឿងចក្រប៉ុនៗវិហារឆ្លងកាត់ភូមិយកមកឈូសឆាយដីព្រៃបាន ទាល់បែកធ្លាយព័ត៌មានទប់លែងជាប់ក៏រត់ពួនបានយ៉ាងរលូន។
សូមរម្លឹកថា គ្រឿងចក្រនោះបានធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ក្រោយអ្នកភូមិរាយការមកអ្នកកាសែតចុះទៅផ្ទាល់ផ្ដិតយករូបភាពនិងសម្ភាសអាជ្ញាធរស្រុក ខាងស្រុកថាមិនទាន់ដឹង និងរវល់មិនទាន់ចុះបង្ក្រាបទេ លុះពីរថ្ងៃក្រោយមកបានចុះទៅ ជាលទ្ធផលទំនងជាគ្រឿងចក្រនោះបើកតាមផ្លូវល្បឿនលឿនជាន់ជាង ១០០គីឡូម៉ែត្រក្នុង១ម៉ោងហើយមើលទៅ បានចាប់មិនទាន់៕ តាពេជ្រ