ប្រភពមួយបានឱ្យដឹងថា ជនសង្ស័យលោកវរសេនីយ៍ទោ សៅ សុខុន ហៅ ថៃហ្គើ ក្រោយពីជាប់ពន្ធនាគារមួយរយៈពីបទមនុស្សឃាតដោយអចេតនា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោមការត្រួតពិនិត្យតាមនីតិវិធី។
សូមរំលឹកថា ដើមឡើយមុខសញ្ញាជនល្មើសដែលស្លាប់ធ្លាប់ចេញចូលគុគឈ្មោះ រិទ្ធ ចិត្រាអាយុ២៤ឆ្នាំ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានកំពុងព្យាយាមរត់គេចពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅសង្កាត់ភ្នំពេញថ្មី ជួនជាចៃដន្យលោក សៅ សុខុន ហៅថៃហ្គឺ មានតួនាទីជាយោធា និងជំនួយការជាទីទុកចិត្តរបស់លោក ថើយ ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ និងជាអ្នកជំនួញអចលនទ្រព្យម្នាក់បានឈឺឆ្អាលក៏បើករថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BK-7799 ដេញជួយស្ទាក់ចាប់។
ប៉ុន្តែជនសង្ស័យនៅតែព្យាយាមបើកម៉ូតូគេច ទើបលោកថៃហ្គឺទាញកាំភ្លើងរបស់ខ្លួនបាញ់មិនសម្ដៅជនសង្ស័យទេ គឺបាញ់បំណងឱ្យជននោះខ្លាចហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ច តែដឹងមិនអ្វីបានជាគ្រាប់នោះផ្លាតត្រូវជនសង្ស័យបណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយកើតហេតុលោកថៃហ្គឺ ដែលគេហៅថាជាខ្មាន់កាំភ្លើងក៏ចូលសារភាពថា ខ្លួនគ្មានចេតនាទេលើករណីនេះ និងព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចនៅគ្រានោះ៕ តាពេជ្រ