Meta Platforms Inc ដែលជាក្រុមហ៊ុនមេរបស់ Facebook កាលពីថ្ងៃចន្ទទី ៥ ខែធ្នូ បានព្រមានដកមាតិកាព័ត៌មានចេញពីវេទិការបស់ខ្លួន ប្រសិនបើសភាអាម៉េរិកសម្រេចអនុម័តច្បាប់ថ្មីមួយ ដែលនឹងផ្តល់ឱ្យស្ថាប័នព័ត៌មាន មានអំណាចកាន់តែច្រើន ក្នុងការចរចា រឿងតម្លៃសម្រាប់មាតិការបស់ពួកគេ ដែលបានចែករំលែកនៅលើ Facebook។
សារព័ត៌មាន Reuters បានចុះផ្សាយថា ថ្មីៗនេះសមាជិកសភាអាមេរិក កំពុងធ្វើការពិចារណាបន្ថែម ជុំវិញការដាក់ចេញច្បាប់ថ្មី ដែលត្រូវបានគេស្គាល់ថា ជាការប្រកួតប្រជែងផ្នែកសារព័ត៌មាន និងការរក្សាច្បាប់ទៅលើការការពារថ្លៃចំណាយប្រចាំឆ្នាំ (JCPA) ដើម្បីជួយដល់ឧស្សហកម្មសារព័ត៌មានក្នុងស្រុកដែលកំពុងជួបប្រទះការលំបាក។
មិនតែប៉ុណ្ណោះ តាមរយ:ច្បាប់ថ្មីនេះវានឹងផ្តល់ឱ្យស្ថាប័នសារព័ត៌មាន និងអ្នកផ្សព្វផ្សាយកាន់តែមានអំណាចច្រើនក្នុងការចរចារួមគ្នាជាមួយក្រុមហ៊ុនបណ្តាញសង្គមនានាសម្រាប់ការទទួលបានចំណែកធំនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។
តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta លោក Andy Stone បានសរសេរនៅលើគណនី Twitter ថា ក្រុមហ៊ុនរបស់លោក អាចនឹងបង្ខំដកមាតិកាព័ត៌មានចេញទាំងស្រុងពីវេទិកា Facebook ប្រសិនបើច្បាប់ខាងលើត្រូវបានអនុម័តនោះ។ ហើយក្រុមហ៊ុននឹងមិនទទួលយកការចរចាណាមួយដែលត្រូវកំណត់ដោយរដ្ឋាភិបាលនោះឡើយ ដោយសារតែវាមិនបានគោរពដោយយុត្តិធម៌នូវតម្លៃណាមួយដែលក្រុមហ៊ុនបានផ្តល់ជូនដល់បណ្តាស្ថាប័នសារព័ត៌មានតាមរយ:ការធ្វើមាតិកាទាក់ទាញ និងចំនួនអ្នកជាវ (Subscript) របស់ពួកគេ។លើសពីនេះ ក្រុមហ៊ុន Meta ក៏បានបញ្ជាក់ទៀតផងដែរថា ប្រាក់ចំណូលដែលទទួលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ការចែករំលែកព័ត៌មាននៅលើវេទិកា Facebook របស់ខ្លួន នឹងមិនត្រូវបានបែងចែកទៅឱ្យភាគីណាមួយនោះឡើយ។
សូមបញ្ជាក់ផងដែរថា អូស្ត្រាលី ក៏ធ្លាប់បានអនុម័តច្បាប់ស្រដៀងគ្នានេះផងដែរ កាលពីខែមីនាឆ្នាំ២០២១ ប៉ុន្តែត្រូវបានក្រុមហ៊ុន Meta បិទមិនឱ្យមានការបង្ហោះព័ត៌មាននៅលើវេទិកាFacebook អស់មួយរយ:ពេលខ្លីនៅក្នុងប្រទេសនោះ៕