កោះកុង៖ សំណង់ផ្ទះថ្មដ៏ស្គឹមស្កៃចំនួន ២ទីតាំងកម្ពស់៤ជាន់នៅជាប់គ្នា ១សង់រួចរាល់និង១ទៀតសង់ជិតរួចរាល់ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ត្រូវបានអាជ្ញាធរក្រុងចេញលិខិតមិនឱ្យសាងសង់ច្រើនដងហើយ នៅតែមិនស្ដាប់រហូតមានដីកាតុលាការឱ្យរុះរើចេញផង ដោយទុករយៈពេល១ខែ ព្រោះសំណង់នេះសង់នៅលើចំណីព្រែកកោះប៉ោ។
បើមើលតាមទិដ្ឋភាពនៅតំបន់នោះមានសំណង់ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងរស់នៅតាំងពីដើមមក ដែលសំណង់ភាគច្រើនគឺផ្ទាល់ដី ពោលគឺរស់នៅលើចំណីព្រែកដែលក្នុងច្បាប់បានចែងថាជាសម្បត្តិរដ្ឋ ប៉ុន្តែដោយសម័យមុនមិនទាន់រៀបរយក៏ពួកគាត់ចេះតែរស់នៅតកូនតចៅមក ផ្ទុយពីសម័យបច្ចុប្បន្នដែលអាជ្ញាធរកំពុងរៀបចំឱ្យមានភាពប្រសើរឡើងវិញស្របទៅតាមច្បាប់ និងអនុក្រិតរបស់រាជរដ្ឋាភិបាល។
ចុះបើក្រឡេកមកមើលសំណង់នេះសង់ស្ទើតែរួចរាល់ហើយ។ បើវាយចោលគឺប្រាកដជាសោកស្ដាយណាស់។ តើហេតុអ្វីក៏អាចសង់បានរហូតដល់ទំហំប៉ុណ្ណឹង ទោះជាគ្មានច្បាប់អនុញ្ញាត? តើដោយសារតែការអនុវត្តន៍វិធានការពីអាជ្ញាធរនិងមន្ត្រីជំនាញធូរលុងឬយ៉ាងណា? នេះជាសំណួរ។
ទាក់ទងសកម្មភាពនេះលោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទបានឱ្យ 1Post ដឹងថា សំណង់នេះសង់ឡើងតាំងពីលោកមិនទាន់មកកាន់តំណែង។ ហើយកាលអាណត្តិអភិបាលមុនក៏ធ្លាប់បានចេញលិខិតជូនដំណឹងឱ្យផ្អាកថែមទាំងមានដីកាពីតុលាការឱ្យរុះរើចេញសំណង់ដែលសង់ហើយមុននោះ។ គ្រាដែលក្នុងអាណត្តិលោកក៏បានចេញលិខិតនិងចុះទៅដល់ទីតាំងផ្ទាល់ឱ្យផ្អាកចំនួន២ដងហើយដែរ តែបើនៅតែមិនស្ដាប់មានតែកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តទៀត។
ចំណែកលោក ប៊ុនធឿន ថៅកែគ្រឿងសមុទ្រដែលជាម្ចាស់សំណង់ខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
សូមរម្លឹកថា បើតាមអនុក្រិតលេខ ៩៨ អ.ន.ក្រ.ប.ក ក្នុងមាត្រា៨ បានចែងថា ចំណីព្រែកទុកចំងាយ ២០ម៉ែត្រ គិតពីមាត់ព្រែក។ ទំនងជាអាជ្ញាធរលោកយល់ពីច្បាប់និងអនុក្រឹតនេះហើយបានជាមិនអនុញ្ញាតច្បាប់ឱ្យសាងសង់នោះគ្រាដែលម្ចាស់សំណង់ហ៊ានសង់ហាក់មិនញញើតឡើយ៕ តាពេជ្រ