រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ១៦ តុលា ឆ្នាំ២០២៤ កន្លងទៅបានលើកគ្នាចុះទៅធ្វើកំណត់ហេតុឱ្យរុះរើសំណង់ល្មើសច្បាប់របស់លោក គួច ម៉េង អ្នកជំនួញល្បីម្នាក់ តែហាក់ពុំបានសម្រេច ព្រោះសំណង់នោះនៅតែបន្តសង់ឡើងធម្មតារៀបចំរួចរាល់ទៅហើយ។
ប្រភព 1Post ទទួលបានឱ្យដឹងថា នៅក្នុងខ្លឹមសារលិខិតកំណត់ហេតុនោះបុរសម្នាក់ឈ្មោះ យ៉ែម សុភាព ជាអ្នកសាងសង់តំណាងឱ្យលោក គួច ម៉េង ជាម្ចាស់សំណង់បានយល់ព្រមរុះរើចេញពីចំណីផ្លូវសាធារណៈលើទំហំ ៤.៥ម គុណ ៣០.២ម កម្ពស់ ៤ម ដោយបានផ្ដិតមេដៃទទួលស្គាល់ផងទៀត ចុះម្ដេចគេនៅបន្តការសាងសង់បាន ហើយអាជ្ញារក្រុងប៉ោយប៉ែតស្ងាត់មាត់មិនទាន់បញ្ជាក់មូលហេតុនៅឡើយ។
ទាក់ទងបញ្ហានេះលោក គួច ម៉េង ម្ចាស់សំណង់មិនទាន់មានការបញ្ជាក់ទេ គ្រាដែលក្រុមការងារ 1Post ផ្ញើសារសំណួរទៅកាន់តេឡេក្រាម និងខលចូលពុំមានអ្នកលើក។
លោក ប៊ន សិលា អភិបាលរងក្រុងប៉ោយប៉ែត ដែលដឹកនាំកម្លាំងចុះទៅធ្វើកំណត់ហេតុឱ្យរុះរើនោះពុំបញ្ជាក់ទេ ដោយលោកបង្វែរឱ្យសួរទៅអ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែតវិញ។ តែលោក ឯម វុត្ថន អ្នកនាំពាក្យមិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីទទួលសារសំណួរ និងការខលចូលទៅបណ្ដាញតេឡេក្រាមរបស់លោក ឃើញសញ្ញាគ្រីសទទួលហើយ តែមិនតប។
ចំណែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីឃើញសញ្ញាទទួលសារសំណួររួចហើយ តាំងពីថ្ងៃទី ២៨ តុលា រហូតមកដល់វេលាចេញផ្សាយនេះ។ រួមទាំងលោក រ៉េត រ៉ន នាយករដ្ឋបាលសាលាក្រុងប៉ោយប៉ែត ក៏មិនបញ្ជាក់ដែរ បន្ទាប់ពីខលចូលចុចបិទ និងមិនតបដារសំណួរដែលបានផ្ញើជូន។
សូមរម្លឹកថា កន្លងទៅក្នុងឆ្នាំនេះដែរសំណង់សង់បំពានចំណីផ្លូវសាធារណៈរបស់លោក ង៉ោ ម៉េងជ្រួន អតីតអភិបាលក្រុងប៉ោយប៉ែត បច្ចុប្បន្នជាអភិបាលរងខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានការរិះគន់ពីសាធារណៈជន ត្រូវបានរុះរើចេញរួចហើយ នៅឡើយតែសំណង់របស់ថៅកែ គួច ម៉េង ដែលគេដឹងថា ជាអ្នកជំនួញទាក់ទងនឹងក្លឹប ខារ៉ាអូខេ ភោជនីយដ្ឋាន និងជួលអាគារឱ្យក្រុមជនជាតិចិនសម្ងំធ្វើការងារ ។ល។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕