ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានឯកភាពគ្នាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
កិច្ចប្រជុំដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនបានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រាដែលកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋាភិបាល និងក្រុមហ៊ុន CRBC នឹងត្រូវពិភាក្សាបន្ដ។
បើតាមក្រសួងសាធារណការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងឱ្យបញ្ចប់ការសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ទទឹង២៥.៥ ម៉ែត្រ ដែលមាន ៤គន្លង។ ផ្លូវនេះ នឹងសាងសង់ចាប់ពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣កាត់តាមខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕ រំចង់