ភ្នំពេញ៖ បន្ទាប់ពីថ្ងៃទី២នៃការដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរថយន្តធ្វើចរាចរណ៍ជាង ១៤០០០គ្រឿង ដែលបានកើនឡើងប្រមាណ៥០ភាគរយបើប្រៀបធៀបទៅនឹងថ្ងៃទី១ ដែលមានចំនួនប្រមាណជា ៩ពាន់គ្រឿងតែប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២២។ ក្នុងនោះក៏មានការហៅទូរស័ព្ទចូលកើនឡើងជាងថ្ងៃទី១ផងដែរ គឺពី៣០ករណី ឡើងមក៥០ករណី។
នគរបាលបានធ្វើការអន្តរាគមន៍ចំនួន ៣៦ករណី ដែលមានករណីល្មើសប្រមាណ១០ករណី ភាពច្រើនគឺអ្នកប្រើប្រាស់ផ្លូវបានល្មើសដូចជា ចតនៅគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដើម្បីថតរូប ឬក៏ធ្វើសកម្មភាពផ្សេងៗ ដែលអាចបង្កទៅជាគ្រោះថ្នាក់បាន ប៉ុន្តែមិនទាន់មានគ្រោះថ្នាក់ណាមួយកើតឡើងនៅឡើយទេ។
ក្រៅពីនេះក៏មានករណីបញ្ហាយានយន្តដូចជា រថយន្តរលត់ ធ្លាយធុងទឹកហើយនឹងបញ្ហាសំបកកង់យានយន្ត ដែលមានការបែកកង់ជាដើមក្ដី ដែលបញ្ហាទាំងអស់នេះសុទ្ធតែជាកត្តាដែលអាចឈានទៅរកការបង្កនូវគ្រោះថ្នាក់ចរាចរណ៍បាន៕ 1Post