រុមហ៊ុនឯកជនចំនួន៤ កំពុងស្នើសុំធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ស្របពេលក្រសួងកំពុងចរចាស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គ្រោងចំណាយថវិកាជិត ១៧០០លានដុល្លារ។
ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២នេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។
លោកបញ្ជាក់ថា «មានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិទ្ធិសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប។ ប៉ុន្ដែលទ្ធផលនេះ មិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយទេ តែឯកឧត្តមជឿជាក់ថាថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅសៀមរាប ១ខ្សែដូចភ្នំពេញ-ក្រុងព្រះសីហនុ»។
បើតាមអ្នកជំនាញសេដ្ឋកិច្ចវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានផ្តល់កិច្ចសម្ភាសន៍ជាមួយ AKP ថា លោកយល់ថា កម្ពុជាគួរតែមានផ្លូវល្បឿនលឿនបែបនេះបន្ថែមទៀត ជាពិសេសគឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ ទីផ្សារអន្តរជាតិ កាន់តែងាយស្រួលនិងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញឱ្យមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើឱ្យតម្លៃដើមនៃដឹកជញ្ជូនមានតម្លៃទាប៕