ព្រៃវែង៖ បន្ទាប់ពីលោកមេភូមិម្នាក់សន្លប់ឈឹងនៅលើគ្រែក្នុងផ្ទះសំណាក់ តែដៃគូខាងស្រីបានដើរចេញពីបន្ទប់មុនបាត់ទៅហើយដោយពុំដឹងមូលហេតុនាំឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។
ករណីនេះបានកើតឡើងនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ លីវ៉ៃសិន ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នំា២០២២។
បុរសសន្លប់នោះឈ្មោះ អ៊ុន ប្រុស អាយុ៦១ឆ្នាំ មុខរបរមេភូមិក្រាំងក្អុក ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ចំណែកស្ត្រីជាដៃគូ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ខណៈនៅពេលកើតហេតុភ្លាមៗបានរត់គេចខ្លួនទៅបាត់ គេគ្រាន់តែដឹងថា ស្ត្រីរូបនោះមានអាយុប្រហែល ៤៥ឆ្នាំ។
បើតាមការអះអាងពីម្ចាស់ផ្ទះសំណាក់ លី វ៉ៃសិន បានឱ្យដឹងថា មុនដំបូងលោកមេភូមិនិងស្ត្រីជាដៃគូបានជិៈម៉ូតូឌុបគ្នាមកចូលផ្ទះសំណាក់នៅវេលាម៉ោងជិត ៣រសៀលថ្ងៃខែខាងលើ។ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញខាងនារីដើរចេញពីបន្ទប់តែម្នាក់ឯងដោយមិនឃើញលោកមេភូមិចេញមកជាមួយគ្នានោះទេ។
ដោយមានការសង្ស័យម្ចាស់ផ្ទះសំណាក់ ក៍យកសោរបន្ទប់ចាក់ចូលមើលស្រាប់តែឃើញលោកមេភូមិដេកសន្លប់ស្តូកស្តឹងនៅលើគ្រែបាត់ទៅហើយក៏កើតមានការផ្អើលឆោរឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចុះទៅពិនិត្យកន្លែងកើតហេតុតែម្តង។
ជុំវិញរឿងរ៉ាវនេះបានក្លាយទៅជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកនៅតាមរោងកាហ្វេក្នុងទីប្រជុំជនអ្នកលឿង។ អ្នកខ្លះសង្ស័យថាមូលហេតុដែលធ្វើឱ្យលោកមេភូមិគាំងសន្លប់ទំនងជាមកពីគាត់ប្រើថ្នាំជំនួយ។ រីឯស្ត្រីជាដៃគូនោះថែមទាំងបានប្រមូលយកថវិកា ទូរសព្ទ័ និងចិញ្ជៀនរបស់លោកមេភូមិ ទៅជាមួយផងដែរ។
ប៉ុន្តែនេះគ្រាន់តែជាការសង្ស័យហើយគេជជែកលេងតាមតុកាហ្វេប៉ុណ្ណោះ ឯការពិតយ៉ាងណានោះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ចំណែកខាងសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា លោកមេភូមិកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ ហើយមិនទាន់អាចផ្តល់ព័ត៌មានអ្វីបានទេ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាគាត់សន្លប់ដោយសារមូលហេតុអ្វីនៅឡើយ។ សូម្បីតែទ្រព្យសម្បត្តិលោកមេភូមិបាត់បង់អ្វីខ្លះក៍មិនទាន់ដឹងដែរ៕ រំចង់