ប្រយ័ត្នទិញដីឡូត៌ប៉ះចំដីផ្នូរខ្មោចនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 21 មិថុនា 2021
ប្រយ័ត្នទិញដីឡូត៌ប៉ះចំដីផ្នូរខ្មោចនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

លោក ប្រាក់ វុទ្ធី ស្ថាបនិករបស់សមាគមសព គ្រី ស្ទាន និងជាប្រធានសមាគមគ្រូគង្វាលខេត្តសៀមរាបគ្រោងនឹងដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ បន្ទាប់ពីដីផ្នូរខ្មោចមួយកន្លែងត្រូវបានគេឈូសឆាយធ្វើជាដីឡូត៌សម្រាប់លក់ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។

លោកបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០០៤ អង្គការ វិហារមេថីឌីសកម្ពុជា បានប្រគល់ដីនេះឱ្យសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព ដូច្នេះចំពោះបុគ្គលដែលឃុបឃិតគ្នារំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះឡូត៌លក់ត្រូវតែទទួលទោសតាមផ្លូវច្បាប់។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឱ្យដឹងថា  លោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោកឃន់ សុខន ថៅកែដីឡូត៌ខាងលើទើបដឹងច្បាស់។

លោក ឃន់ សុខន ថៅកែដីឡូត៌ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹងថានៅកន្លែងដីឡូត៌ផ្នូខ្មោចមុននឹងលោកពុះនេះ លោកបានរត់ច្បាប់ត្រឹមត្រូវអស់ហើយ រង់ចាំតែខាងលោកចាន់ ឆ្វៀល គ្រូគង្វាលចាស់ គាស់សពចេញតែប៉ុណ្ណោះ។ លោក ឃន់ សុខន បានបញ្ជាក់ឱ្យលោក ផ្លុងរ៉េតចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិលុបវីដេអូឡាយលើបណ្តាញសង្គមហ្វេសប៊ុកចោលទៀតផង តែត្រូវលោកចាងហ្វាងរូបនេះបដិសេដ្ឋ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់តាមទូរស័ព្ទថា រាល់ការឈូសឆាយ ពុះជាដីឡូត៌ ត្រូវមានលិខិតកាន់កាប់ដី និងច្បាប់អនុញ្ញាតត្រឹមត្រូវ មិនអញ្ចឹងទេ គឺខុសច្បាប់។ តែបើដីខាងលើនៅជាប់ពាក់ព័ន្ធនឹងសមាគម។ ខាងសមាគមអាចមកដាក់ ពាក្យបណ្ដឹងនៅសាលាក្រុងបាន។ លោកអភិបាលក្រុងបន្តថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យទីតាំងដីនោះពិតមែន តែបើពិនិត្យឃើញថាដីនោះស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរបឹងទន្លេសាប សាលាក្រុងមិនអនុញ្ញាតច្បាប់ឡើយ។

យ៉ាងណាមិញ លោក ប្រាក់ វុទ្ធី នៅតែបញ្ជាក់ជំហរ របស់ខ្លួនថា នឹងរៀបចំឯកសារដាក់ពាក្យប្តឹង ព្រមទាំងធ្វើសន្និសីទកាសែត នៅលើដីផ្នូរខ្មោចតែម្តង ដើម្បីដឹងថាមានបុគ្គលណាខ្លះជាប់ពាក់ព័ន្ធហើយចេញមកតតាំង៕

ប្រយ័ត្នទិញដីឡូត៌ប៉ះចំដីផ្នូរខ្មោចនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ប្រយ័ត្នទិញដីឡូត៌ប៉ះចំដីផ្នូរខ្មោចនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប