អង្គការ Central បានឱ្យដឹងថា ក្រុមការងារអ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក នៃអង្គការសង់ត្រាល់ប្រចាំស្រុកមង្គលបូរី កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយពីចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសិទ្ធិការងារ ដល់គ្រួសារពលករ ប្រជាពលរដ្ឋ យុវជនដែលមានអ្នកចូលរួម៣៨នាក់ (ស្ត្រី១៦នាក់) ដោយ សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងលោកមេភូមិអូជូនថ្មី ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អង្គមួយនេះបានបញ្ជាក់ថា គោលបំណង នៃកម្មវិធីនេះ គឺអប់រំផ្សព្វផ្សាយអំពីសិទ្ធិនឹងការធ្វើការចំណាកស្រុកស្របច្បាប់ ដោយមូលហេតុថា ពលរដ្ឋកម្ពុជានៅតែបន្តចំណាកស្រុកទាំងប្រថុយប្រថាន គ្មានឯកសារត្រឹមត្រូវ និងបានជួបគ្រោះថ្នាក់ការងារ ដោយប្រការផ្សេងៗ។
ក្រោយចប់វេទិកាផ្សព្វផ្សាយ ប្រជាពលរដ្ឋបានរីករាយសាទរ នឹងការពន្យល់របស់ក្រុមការងារស្មា-SMAs និងសន្យាចែករំលែកព័ត៌មាននេះបន្តទៅកូនចៅដែលកំពុងធ្វើការនៅក្រៅប្រទេសទៀតផង។ កម្មវិធីនេះ ប្រព្រឹត្តិទៅដោយរលូន និងផ្លែផ្កា ដោយមានការសាទរពីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះវាមានប្រយោជន៍សំខាន់គ្រួសារពួកគាត់ បានទទួលព័ត៌មានការចំណាកស្រុក ទៅរកការងារធ្វើ ដោយមិនចេញទៅទាំងប្រថុយប្រថាន កង្វះព័ត៌មានដូចពេលមុនៗទៀត។
ប្រសិនលោកអ្នកជួបបញ្ហាចំណាកស្រុក ឬជួបការជួញដូរកម្លាំងពលកម្ម និងការជួញដូរមនុស្ស។ សូមទាក់ទងមកអង្គការសង់ត្រាល់៖ (+៦៦) ៩៤៤៤ ១២២ ១៥ (ប្រទេសថៃ) (+៨៥៥) ៩៣៥៥៦៦៣១ (កម្ពុជា)៕ ប្រភព Central