កាលពីពេលថ្មីៗនេះ តំណាងអង្គការសង់ត្រាល់-CENTRAL ប្រចាំប្រទេសថៃ និងអនុព័ន្ធការងារតំណាងស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ សហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតពលករ (LPN) បានចូលរួមផ្សព្វផ្សាយ បង្ការ និងសួរសុខទុក្ខដល់ពលករខ្មែរ ជាង ៤០០នាក់ដែលកំពុងធ្វើការនៅប្រទេសថៃ ហើយបានជួបនឹងវិបត្តិការងារដោយសារភ្លើងឆេះរោងចក្រកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។
តំណាងអង្គការសង់ត្រាល់-CENTRAL ប្រចាំប្រទេសថៃ លោក លឹង សុផុន បានឲ្យដឹងថារោងចក្រដែលមានពលករខ្មែរ ជាង ៤០០នាក់កំពុងធ្វើការនោះឈ្មោះ BangkokMaster Wood Co.Ltd. ជារោងចក្រផលិតគ្រឿងសង្ហារិម ស្ថិតនៅក្នុងតំបន់ម៉ាក់ខាមឃូ ស្រុកនិគមផាត់ថៈណា ខេត្តរៈយ៉ង ប្រទេសថៃ។ ឧប្បត្តិហេតុនេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យភ្លើងឆេះនៅរោងចក្រ ត្រូវរងការខូចខាតទាំងស្រុង។
តំណាងអង្គការសង់ត្រាល់-CENTRAL ប្រចាំប្រទេសថៃ បានយកជំនួយមនុស្សធម៌មានគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ពលករ ៨០នាក់ដែលរងគ្រោះខ្លាំងក្នុងចំណោមពលករជាង ៤០០នាក់នៅក្នុងរោងចក្រនោះ។
លោក លឹង សុផុន បញ្ជាក់ថា ក្នុងចំណោមពលករទាំងអស់ គឺមានពលករខ្មែរ ១០នាក់ ត្រូវខូចខាតលិខិតឆ្លងដែនទាំងស្រុង ដោយសារភ្លើងឆេះរោងចក្រនេះ។ ករណីនេះតំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជា កំពុងតែបន្តនីតិវិធីការងារជាមួយតំណាងរោងចក្រដើម្បីសម្រួលដល់ពលកររងគ្រោះ។
ក្រុមពលករទាំងនោះ នឹងនៅរង់ចាំដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីទទួលបានដំណោះស្រាយ និងការសម្របសម្រួលពីកន្លែងធ្វើការថ្មី៕ ប្រភព៖ សង់ត្រាល់