លោក អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឯកភាពចំពោះសំណើរបស់ ក្រុមហ៊ុនCP ដែល ត្រូវការកម្លាំងពលកម្មចំនួន២ពាន់នាក់សម្រាប់បម្រើការងារនៅក្រុមហ៊ុនប្រទេសថៃ គ្រាដែលជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រី និងលោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងការងារ។
លោករដ្ឋមន្ត្រីបានលើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេសទៅបំពេញបេសកកម្មនៅប្រទេសថៃ ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះ ប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ។
ជាមួយគ្នានេះ លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជាក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនCP មានពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃប្រមាណជាង១ម៉ឺននាក់កន្លងមកពលករកម្ពុជាដែលបានធ្វើការគឺមានភាពស្មោះត្រង់អត់ធ្មត់នឹងការងារដូច្នេះក្រុមហ៊ុនត្រូវការពលករកម្ពុជាចំនួន២ពាន់នាក់បន្ថែមទៀត ដើម្បីជួយការងាររបស់ក្រុមហ៊ុន៕