តំណាងអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃបានឱ្យដឹងថា ខ្លួនបានសហការជាមួយសមាជិកសមាគមមិត្តភាពកម្មករនិយោជិតកម្ពុជា ប្រចាំប្រទេសថៃ ហៅកាត់ថា ស៊ីហ្វាត-CFAT ក្នុងតំបន់បានកៅ ស្រុកផាន់ថង ខេត្តឈុនបុរី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បានចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ពលករចំនួន ៦៧នាក់ ដោយក្នុងនោះមានពលករ ៣៨នាក់បានចាញ់បោកមេខ្យល់។
លោកបន្តថា ក្នុងចំណោមពលករ ៦៧នាក់ដែលអង្គការសង់ត្រាល់ បានចុះអន្តរាគមន៍នោះ គឺមានពលករខ្មែរ ចំនួន ៣៨នាក់បានចាញ់បោកមេខ្យល់អស់ប្រាក់ ៧,០០០បាត (ប្រាក់ថៃ) ក្នុងម្នាក់ៗដោយមេខ្យល់សន្យាថា នឹងស្វែងរកការងារឲ្យនៅរោងចក្រផលិតនំបុ័ង ព្រមទាំងរត់ការធ្វើឯកសារ បន្តសុពលភាពទិដ្ឋាការ (Visa) ធ្វើប័ណ្ណការងារឲ្យបានត្រឹមត្រូវតាមច្បាប់ការងាររបស់ប្រទេសថៃ ក្នុងតំបន់ឧស្សាហកម្មស្រុកផាន់ថង ខេត្តឈុនបុរី នោះ។
លោក លឹង សុផុន បានបញ្ជាក់ថា ពលករខ្មែរ ៣៨នាក់ បានចាញ់បោកមេខ្យល់នោះបានរង់ចាំធ្វើការងារតាមការសន្យារបស់មេខ្យល់រយៈពេលជិត ៣ខែហើយ ប៉ុន្តែមេខ្យល់មិនទទួលខុសត្រូវនិងមិនបានរកការងារឲ្យដល់ពលករដូចជាការសន្យាឡើយ។
តំណាងអង្គការសង់ត្រាល់ និងក្រុមបណ្តេញស៊ីហ្វាត-CFAT នឹងសហការជាមួយ មូលនិធិ LPN (មូលនិធិការពារសិទ្ធិពលករអន្តោប្រវេសន៍) ក្នុងប្រទេសថៃ បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងពលករស្នាក់នៅក្នុងតំបន់នោះ ហើយបានហៅមេការដែលធ្វើការប្រចាំរោងចក្រផលិតនំប៉័ងដើម្បីដោះស្រាយបញ្ហាមួយចំនួនរបស់ពលករខ្មែរ ដែលពាក់ព័ន្ធ។
បន្ទាប់ពីបានប្រជុំរកដោះស្រាយរួច ខាងមេការតំណាងរោងចក្រ បានសន្យាទទួលយកការទាមទាររបស់ពលករខ្មែរ ដោយដកប្រាក់គ្រប់ចំនួនដែលបានបង់ទៅឲ្យមេខ្យល់កន្លងមក។តាមរយៈមេការជាអ្នកបកប្រែតំណាងរោងចក្រនំប៉័ង ក៏បានសន្យាសងលុយត្រលប់មកវិញគ្រប់ចំនួនក្នុងមួយសប្តាហ៍ និងហៅមេខ្យល់មកដោះស្រាយនៅរោងចក្រផងដែរ៕ Central