ផ្លូវល្បឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ សាងសង់បាន ៩០,៩៥% កំពុងធ្វើការសាកល្បងបញ្ជរបង់ប្រាក់ជាលក្ខណៈផ្ទៃក្នុង ដោយមិនទាន់អនុញ្ញាតជាសាធារណៈជនធ្វើដំណើរនៅឡើយទេ។
បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននោះចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ ខណៈ បញ្ជរទី២ នៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ លោក គង់ វិមាន។
អ្នកដំណើរលើផ្លូវនេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ គ្រាដែលក្រុមហ៊ុនកំពុងរៀបចំជាកាតអេឡិចត្រូនិក មានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន ពិសេសសម្រាប់អ្នកដំណើររូបណា ចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយកក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន។ យ៉ាងណាមិញសម្រាប់តម្លៃជាផ្លូវការនៅមិនទាន់បានទម្លាយឱ្យដឹងនៅឡើយ។
គួររម្លឹកថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ៕