ការបាញ់បោះសេរីរបស់អភិបាលស្រុកសាមគ្គីមានជ័យ ដូចគ្មានរឿងអ្វីកើតឡើង?

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 11 មិថុនា 2021
ការបាញ់បោះសេរីរបស់អភិបាលស្រុកសាមគ្គីមានជ័យ ដូចគ្មានរឿងអ្វីកើតឡើង?

ករណីបាញ់បោះសេរីពីសំណាក់លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យបណ្ដាលឱ្យគោងាប់នៅក្នុងបរិវេណសាលាស្រុក កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១១ ខែមិថុនានេះហាក់ស្ងាត់បាត់ឈឹង ដោយពលរដ្ឋរាយការមកថា តាំងពីថ្ងៃកើតហេតុមកគឺលោកអភិបាលនៅធ្វើការក្នុងតួនាទីដដែល មិនដូចគេល្បីថាត្រូវបានទទួលទោសទណ្ឌតាមច្បាប់ និងឱ្យបញ្ឈរជើងមួយរយៈនោះទេ។

គួររំលឹកថា ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ជាអ្នកនាំពាក្យស្នងការនគរបាលខេត្ត បានឱ្យអ្នកសារព័ត៌មានដឹងថា គោ១ក្បាលងាប់នៅមុខសាលាស្រុកពិតជាការបាញ់ស្ដារកាណុងកាំភ្លើងរបស់លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យពិតមែន។

ក្នុងនោះបើតាមលិខិតមួយច្បាប់របស់លោកអភិបាលស្រុក រាយការណ៍ជូនលោកអភិបាលខេត្តកំពង់ឆ្នាំងបានរៀបរាប់ថា កាលពីរសៀលថ្ងៃទី៣០ មេសានោះ មេឃរកកលភ្លៀង លោកមានអារម្មណ៍ចង់សាកកាំភ្លើងដែលទើបទទួលបានថ្មី ក៏បានយកបាញ់បំបុកនឹងដីតែចៃដន្យក៏ផ្លាតទៅត្រូវគោមួយក្បាលបណ្ដាលឱ្យងាប់ តែលោកមិនបានបញ្ជាក់ពីប្រភេទកាំភ្លើង និងចំនួនគ្រាប់ដែលបានបាញ់ចេញនោះទេ។

បើតាមលោក ខែក កឿន ម្ចាស់គោបានឱ្យដឹងថា គោរបស់គាត់ងាប់មានស្នាមគ្រាប់កាំភ្លើងចំនួន២គ្រាប់ហើយលោកក៏បានទទួលសំណងចំនួន៤លានរៀលពីភាគីសាលាស្រុកហើយដែរ។ ដោយលោកឆ្ងល់ថាគួរណាម្ចាស់កាំភ្លើងប្រាប់ឬព្រមានគាត់ជាមុនសិនដើម្បីឱ្យកែតម្រូវ បែជាមកបាញ់ចោលតែម្ដង។ ហើយបើដូចម្ចាស់គោថា ២គ្រាប់មែន បានន័យថា ផ្លាតត្រូវគោទាំង២គ្រាប់នោះហើយមើលទៅ។

បច្ចុប្បន្នករណីបាញ់បោះសេរីរបស់លោកអភិបាលរូបនេះ សាធារណៈជននៅឆ្ងល់ថា នៅមិនទាន់បង្ហាញការពិតឱ្យអស់នៅឡើយ ខណៈដែលកន្លងទៅករណីបាញ់បោះសេរីបែបនេះកើតឡើងលើបុគ្គលផ្សេងឃើញគេអនុវត្តន៍នីតិវិធី ដោយជាប់គុក ឬក៏ជ្រុះបុណ្យស័ក្កិក៏មាន ចម្លែកតែករណីនេះទំនងជាមិនហ៊ាននឹងខ្សែក្រាស់ឬយ៉ាងណា?

ការបាញ់បោះសេរីរបស់អភិបាលស្រុកសាមគ្គីមានជ័យ ដូចគ្មានរឿងអ្វីកើតឡើង? ការបាញ់បោះសេរីរបស់អភិបាលស្រុកសាមគ្គីមានជ័យ ដូចគ្មានរឿងអ្វីកើតឡើង? ការបាញ់បោះសេរីរបស់អភិបាលស្រុកសាមគ្គីមានជ័យ ដូចគ្មានរឿងអ្វីកើតឡើង?