កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ តុលា ឆ្នាំ២០២៣ បានចុះធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយស្តីពីរដូវបើកនេសាទនិងបង្ក្រាបបទល្មើសនេសាទបានមួយចំនួននៅស្រុកជល់គីរី។
ក្រុមចម្រុះទាំងនោះមានមន្ត្រីជលផលកំពង់ឆ្នាំង បានសហកាជាមួយ កម្លាំងនគបាលសេដ្ឋកិច្ចខេត្ត និងសហគមននេសាទ សរុបចំនួន ៣៩នាក់ ជិះកាណូតតូចធំចំនួន ៧គ្រឿង បានចុះធ្វើការប្រកាសជូនដំណឹងដល់បងប្អូនប្រជានេសាទនៅឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង ស្ដីពីរដូវបើកនេសាទពិសេសដោយបានផ្ដោតសំខាន់ទៅលើការមិនអនុញ្ញាតឱ្យមានការតភ្ជាប់របាំងគ្នាវែងៗដែលលើសពី៥០ម៉ែត្រ ដែលច្បាប់ស្តីពីជលផលបានកំណត់ និងការមិនឱ្យប្រើប្រាស់ឧបករណ៍របាំងសាច់អួនក្រហម ក្រឡាក្រោម៣ហ៊ុន។
ទីតាំងដែលចុះបង្រ្កាបបទល្មើសជលផលនោញចាប់ពីចំណុចវាលសំណាប កប់ចេស និងខ្វែងឆ្លុះ ដែលស្ថិតក្នុងភូមិពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើនិងបំផ្លាញចោលនៅនិងកន្លែងរបាំងសាច់អួន១៤កន្លែង ប្រវែង ២៨០០ម៉ែត្រ លូកងសាច់អួន១៤គ្រឿង បង្គោលចំនួន ៨០០ដើម និងបានធ្វើការចាក់លែងត្រីចំនួន ៨០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ រាល់វត្ថុតាងបទល្មើសត្រូវបានធ្វើការប្រមូកដុតកម្ទេចចោល។
សូមរម្លឹកថា កន្លងទៅសារសម្លេងបែកធ្លាយបានលើកឡើងអំពីមេជលផលខេត្តកំពង់ឆ្នាំង អ្នកនៅពីក្រោយខ្នងភរិយារបស់ខ្លួនជាមេឈ្មួញធំនាំលៀសមិនរើសអាយុ មិនរើសរដូវ ទៅប្រទេសវៀតណាម និងការរកស៊ីប៉ែងជើងគ្នាបក្ខពួនិយម ដៃម្ខាងចាប់ដៃម្ខាងស្រវារកប្រយោជន៍ផ្ទាល់ខ្លួនផងទៀត តែសំណួរទាំងនេះលោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តមិនទាន់មានការបញ្ជាក់នៅឡើយទេ បន្ទាប់ពីឃើញសញ្ញាអនឡាញនិងគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post។
នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP