បន្ទាប់ពីបែកធ្លាយរឿងថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់ចុងភៅ និងគ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីជាបុគ្គលិកផងនោះ នគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកជនបង្កខាងលើ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៣ ឧសភា ថា ករណីបាញ់បោះនៅហាង The Storm សមត្ថកិច្ចស្គាល់អនត្តសញ្ញាហើយនឹងកំពុងស្រាវជ្រាវតាមរក។
សូមរម្លឹកថា បុគ្គលិកផ្នែកចុងភៅនៅហាង The Storm រៀបរាប់ឱ្យដឹងថា ថៅកែជាបុរសម្នាក់ឈ្មោះ ផល បានដកកាំភ្លើងបាញ់បុរសម្នាក់ជាមេចុងភៅ ខណៈបុរសនោះក្រាបគេចផុត ព្រោះតែខឹងរឿងធ្វើឱ្យខូចរទេះគោដុត។
ករណីនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងហាង The Storm តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយកើតហេតុក៏ឃើញវត្តមានសមត្ថកិច្ចក៏ចុះទៅដល់ផងដែរ។
ស្ត្រីចុងភៅបានឱ្យដឹងទៀតថា គ្រាកន្លងទៅថៅកែផល រូបនេះបានយកកែវគប់ខ្លួនម្ដងហើយ តែលោកស្រីគេចផុត។ ក្រៅពីនោះមិត្តភ័ក្កិថៅពេលផឹកស៊ីស្រវឹងក៏ធ្លាប់វាយតប់បុគ្គលិកផ្សេងទៀតដែរតែគ្មានអ្នកណារកខុសត្រូវឱ្យទេ។
ទាក់ទងសកម្មភាពនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីថៅកែ ហេង ផល បាននៅឡើយ។
ថៅកែ ហេង ផល មានភាគហ៊ុននៅហាងផឹកស៊ីចំនួនពីរគឺហាងThe Storm នៅក្នុងសង្កាត់ផ្សារដេប៉ូ ក្បែបុរីកីឡា រាជធានីភ្នំពេញ និងហាងមួយទៀតឈ្មោះ សន្យា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕