សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា បង្ក្រាបករណីលួចកែច្នៃផលិតគ្រឿងញៀនក្នុងរោងចក្រទ្រង់ទ្រាយធំថ្មីៗបានទៀតហើយនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល ដោយចាប់បានជនល្មើសបុរសជាជនជាតិចិន១១នាក់ ដកហូតបានគ្រឿងញៀន១,៨តោន និងសារធាតុគីមីសម្រាប់កែឆ្នៃ២៧៦តោន។
នៅក្នុងនោះ ១ទីតាំង គឺជាទីតាំងកែច្នៃផលិតគ្រឿងញៀន ៧ទីតាំងទៀត ជាទីតាំងស្តុកទុកសារធាតុគីមីសម្រាប់កែច្នៃគ្រឿងញៀន។ ចំពោះទីតាំងរោងចក្រលួចផលិតកែច្នៃផលិតគ្រឿងញៀន គឺស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕