ក្រុមឧក្រិដ្ឋជនបានបើកការបាញ់ប្រហារលើរថយន្តពន្ធនាគារដោយអាវុធធុនធ្ងន់ និងបានរំដោះមេក្រុមដែលសង្ស័យថា ពាក់ព័ន្ធមនុស្សឃាតនិងមេខ្លោងគ្រឿងញៀន។ ក្រោយកើតហេតុនេះនាំឱ្យប៉ូលិសបារាំងបានបើកការតាមប្រមាញ់នៅទូទាំងប្រទេស។
សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងលោក Eric Dupond-Moretti បានប្រាប់អ្នកកាសែតថា ការបាញ់ប្រហារនេះបានកើតឡើងនៅកន្លែងបង់លុយនៅលើផ្លូវ A154 រវាងទីក្រុង Rouen និងតំបន់ Evreux ក្នុងទីក្រុង Normandy។ ពេលមកដល់ដោយរថយន្តពីរគ្រឿង ជនល្មើសបានរារាំងក្បួនរថយន្តពន្ធនាគារ មុនពេលបើកការបាញ់ប្រហារលើមន្ត្រីដោយ«អាវុធធុនធ្ងន់»។ លោក Dupond-Moretti បាននិយាយថា ឆ្មាំពន្ធនាគារពីរនាក់បានស្លាប់ និងបីនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
វីដេអូដែលថតបានដោយអ្នកដំណើរក្នុងរថយន្តក្រុងដែលឆ្លងកាត់នោះ បង្ហាញពីបុរសពាក់អាវគ្របក្បាលពីរនាក់ ប្រដាប់ដោយកាំភ្លើងវែង ដើរឆ្ពោះទៅកាន់រថយន្តរបស់ពន្ធនាគារ ដែលត្រូវបានបំបុកដោយរថយន្ត SUV ពណ៌ខ្មៅ។ វីដេអូឆ្លាស់គ្នាដែលថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់កន្លែងបង់លុយ គឺបង្ហាញពីបុរសបួននាក់ដែលនៅជុំវិញរថយន្តនោះ ធ្វើការបាញ់ប្រហារមកមន្រ្តីពន្ធនាគារ និងបំផ្ទុះនូវអ្វីដែលមើលទៅដូចជាគ្រឿងផ្ទុះ មុនពេលរត់គេចពីកន្លែងកើតហេតុ។
ជនដៃដល់បានរត់គេចខ្លួនជាមួយនឹងអ្នកទោសម្នាក់ដែលមានឈ្មោះក្នុងប្រព័ន្ធផ្សព្វផ្សាយបារាំងថា Mohamed Amra ដែលត្រូវបានគេស្គាល់ថា ‘La Mouche’ (The Fly) ។ Amra ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទបង្ករបួសស្នាម លួច និងជំរិតទារប្រាក់ ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាត៕