ប្រជាសហគមន៍រមាសហែក បន្តតាមដានញត្តិរបស់ខ្លួននៅអាជ្ញាធរមូលដ្ឋាន ព្រោះតែរងគ្រោះដីធ្លី

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 កក្កដា 2022
ប្រជាសហគមន៍រមាសហែក បន្តតាមដានញត្តិរបស់ខ្លួននៅអាជ្ញាធរមូលដ្ឋាន ព្រោះតែរងគ្រោះដីធ្លី

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណជាង100នាក់ ក្នុងនោះស្ត្រីប្រហែល៧០% បានប្រមូលផ្តុំគ្នានៅនៅក្នុងសាលាឃុំអំពិល ដើម្បីតាមដាននិងសួរនាំពីញត្តិរបស់ខ្លួនដែលបានដាក់ញត្តិនៅសាលាឃុំរអំពិល និងសាលាស្រុករមាសហែកកាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២កន្លងទៅនេះ។ 

ការជួបជុំតាមដានញត្តិនេះធ្វើឡើងនៅថ្ងៃពុធ ០៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក ដែលពួកគាត់មកពីភូមិចំនួន៥គឺភូមិអំពិល រមាសហែក  ត្បែង តាសេក ស្រែឬស្សី  ត្រពាំងពពេល ឃុំអំពិល  ស្រុករមាសហែកខេត្តស្វាយរៀង ដែលជាជនរងគ្រោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយ ក្រុមហ៊ុនខាងលើ។ 

ប្រជាសហគមន៍រមាសហែក បន្តតាមដានញត្តិរបស់ខ្លួននៅអាជ្ញាធរមូលដ្ឋាន ព្រោះតែរងគ្រោះដីធ្លី

តំណាងសហគមន៍អ្នកស្រី ខៀវ សារ៉ុន បានបញ្ចាក់ថា ការដែលពួកគាត់ឡើងមកតាមដានញត្តិនៅថ្ងៃនេះគឺដើម្បី៖

 ១. ស្នើឲ្យមេឃុំ និងលោកអភិបាលស្រុក ជួយបំភ្លឺជុំវិញផ្ទៃដីចំនួន៥១ហិកតា ដែលជាទំហដីស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល តែអាជ្ញាធរតែងនិយាយថា ដីទំហំ៥១ហិកតាជាដីរបស់រដ្ឋ ប៉ុន្តែនៅក្នុងកំឡុងឆ្នាំ២០១៨ អាជ្ញាធរបែជាធ្វើប្លង់កម្មសិទ្ធិទៅបុគ្គលដទៃដែលពួកគាត់(ប្រជាពលរដ្ឋ) មិនស្គាល់អត្ត សញ្ញាណបុគ្គលនោះច្បាស់លាស់ទេ។ 

នៅក្នុងខ្លឹមសារនៃញត្តិកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ពួកគាត់បានសរសេរដាក់ស្នើលោកមេឃុំអំពិល និងអភិបាលស្រុករមាសហែកដោយរៀបរាប់រាប់ថា ពួកគាត់ចំនួន៤៤០គ្រួសាររស់នៅភូមិអំពិល រមាសហែក  ត្បែង តាសេក ស្រែឬស្សី  ត្រពាំងពពេល ឃុំអំពិល  ស្រុករមាសហែក ខេត្តស្វាយរៀង តាំងពីពួកគាត់ទទួលបានលិខិតក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ពួកគាត់ថា ពុំដែលឃើញអាជ្ញាធរ ភូមិ ឃុំ ស្រុក និងខេត្តហៅពួកគាត់ទៅដោះស្រាយ លិខិតនោះទេ ផ្ទុយទៅវិញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បែរជាមានក្រុមហ៊ុនខាងលើដាក់កម្លាំងមកឈូសឆាយដី មានាំងកងកម្លាំងប្រដាប់អាវុធ ប៉េអឹម ប៉ូលីសប្រហែល៣០នាក់ប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែង ហើយបាន គម្រាម កំហែងពួកគាត់ និងបានគម្រាមចាប់ដាក់គុកប្រសិនបើមានពលរដ្ឋណាម្នាក់មករារាំងឬមកក្បែរដី។ 

ប្រជាសហគមន៍រមាសហែក បន្តតាមដានញត្តិរបស់ខ្លួននៅអាជ្ញាធរមូលដ្ឋាន ព្រោះតែរងគ្រោះដីធ្លី

នៅក្នុងខ្លឹមសារនៃញត្តិបានបន្ថែមថា លោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានិយាយប្រាប់តំណាងពួកគាត់ ថា ដីនេះបានប្រគល់ទៅឲ្យក្រុមហ៊ុនខាងលើហើយ បើមិនសុខចិត្តប្តឹងទៅណាក៏ប្តឹងទៅលោកមិនខ្លាចទេ។ 

ក្រោយពីតំណាងចំនួន៥នាក់ បានចូលជួបតំណាងឃុំអំពិល និងតំណាងស្រុករមាសហែក អ្នស្រីខៀវ សារ៉ុន បានបញ្ជាក់ពីការបកស្រាយរបស់អាជ្ញាធរឃុំថា ពួកគាត់សុំមិនឆ្លើយបំភ្លឺចំពោះបញ្ហានេះដែរ ព្រោះវាហួសពីដែនសមត្ថភាពរបស់ពួកគាត់។ចំណែករដ្ឋបាលស្រុក ថានេះជារឿងថ្មីសម្រាប់គាត់ បញ្ហារឿងបង្គោលបោះលើព្រំដីជម្លោះគឺគាត់អត់បានទទួលព័ត៌មាននេះទេ ហើយលោកថានឹងយកដំណឹងនេះទៅរាយការដល់ថ្នាក់លើ រួចលោកនឹងចុះមកដល់មូលដ្ឋានសហគមន៍។ 

យ៉ាងណាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ចបានដាក់លិខិតជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយពិនិត្យ និងដោះស្រាយបណ្តឹងខាងលើ និងផ្ញើររបាយការណ៍ពី លទ្ធផលនៃការដោះស្រាយមកក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចវិញ ដើម្បីឲ្យក្រសួងមានមូលដ្ឋាន រាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល៕ CCFC

ប្រជាសហគមន៍រមាសហែក បន្តតាមដានញត្តិរបស់ខ្លួននៅអាជ្ញាធរមូលដ្ឋាន ព្រោះតែរងគ្រោះដីធ្លី