អ្នកភូមិជាង ៥០០គ្រួសារនៅឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ទទូចសុំដល់ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឱ្យជួយរកយុត្តិធម៌ បន្ទាប់ពីឈ្មួញខ្ចីដី ១៨០ហិកតារយៈពេល ១៨ឆ្នាំធ្វើអាជីវកម្មធ្វើមានធ្វើបានហើយ ដល់វេលាកិច្ចសន្យាមិនប្រគល់ដីវិញ ដោយគេសម្អាងកិច្ចសន្យាមួយផ្សេងទៀតជាមួយលោក ណាំ ទុំ អតីតអភិបាលខេត្តកំពង់ធំ ដែលពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមិនបានដឹង និងមិនបានឯកភាពដូចកិច្ចសន្យាដែលខ្លួនបានធ្វើកន្លងមក រហូតអ្នកខ្ចីដីនោះប្ដឹងទៅតុលការ ហើយចៅក្រមឈ្មោះ ផូង វណ្ណ ចេញដីការរក្សាការពារមិនឱ្យតំណាងពលរដ្ឋ៥នាក់ទៅធ្វើអ្វីបានលើដីនោះ ដោយយោងតាមឯកសារគតិយុទ្ធរបស់ភាគីអ្នកខ្ចីដី (សម្លេង)។
សាវតានៃរឿងនេះក្រុមអ្នកភូមិ អាជ្ញាធរឃុំ និងសមាជិកក្រុមប្រឹក្សាឃុំកំពង់ចិនខាងជើង បានឱ្យ 1Post ដឹងថា ដីខាងលើគឺក្រុមអ្នកភូមិអាស្រ័យផលស្រូវតាំងពីកំឡុងឆ្នាំ១៩៨៤ ដែលថ្នាក់លើបានបែងចែកឱ្យតែគ្មានលិខិតស្នាមអ្វីទេ។ ហើយពលរដ្ឋដាំដុះពឹងលើទឹកភ្លៀងមិនសូវបានផលអ្នកខ្លះបន្តធ្វើអ្នកខ្លះក៏ទុកចោលព្រោះកត្តាធម៌ជាតិនិងសង្ក្រាម។ លុះមកដល់នៅឆ្នាំ ២០០៤ មានឈ្មួញពីរនាក់បានយល់ព្រមធ្វើអាងស្តុកទឹក ដោយបានធ្វើកិច្ចសន្យាខ្ចីជាលាយលក្ខអក្សមានស្នាមមេដៃ ត្រា និងហត្ថលេខាជាដើម ជាមួយតំណាងប្រជាពលរដ្ឋម្ចាស់ដី មេឃុំ អភិបាលស្រុក និងឯកភាពពីលោក ណាំ ទុំ អតីតអភិបាលខេត្តកាលជំនាន់នោះ ដោយសន្យានឹងប្រគល់ដីត្រឡប់មកវិញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ក្នុងកិច្ចសន្យានោះក៏បានយល់ព្រមធ្វើស្រែបង្វាស់គ្នា គឺភាគីពលរដ្ឋធ្វើស្រូវបានផលចែកគ្នាស្មើជាមួយភាគីម្ចាស់អាងទឹក។ តែការអនុវត្តន៍ជាក់ស្ដែងបានតែឆ្នាំដំបូងប៉ុណ្ណោះរឿងបង្វាស់នោះ ព្រោះពលរដ្ឋធ្វើមិនចំណេញ។ ក្រោយមកគឺភាគីម្ចាស់អាងធ្វើអាជីវកម្មលើដីទាំងនោះខ្លួនឯង គ្រាដែលអ្នកភូមិតិចតួចប៉ុណ្ណោះមានលទ្ធភាពធ្វើទាំងបានផលបន្តិចបន្តួងសឹងមិនរួចថ្លៃដើម និងរំពឹងដល់ទីបញ្ចប់នៃកិច្ចសន្យាខ្ចីដីសង្ឃឹមបានអាងទឹក និងដីស្រែមកអាស្រ័យផលរួមគ្នាវិញដោយមិនអស់ថ្លៃជួល (សម្លេង)។
បច្ចុប្បន្នជាពេលវេលាធ្វើស្រូវប្រាំងក្នុងរដូវកាលនេះ តែបែជាអ្នកភូមិមិនអាចធ្វើបានទេ។ បើតាមកិច្ចសន្យាដែលពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពុំបានដឹងនោះគឺអ្នកខ្ចីដីឈ្មោះ ធួក ប៊ុនធន ទទួលបានសម្បទានដីសេដ្ឋកិច្ចទំហំ ៤៥៦ហិកតា ចាប់ពីឆ្នាំ២០០៨ ទៅដល់ឆ្នាំ២០៣៣ ដែលចុះហត្ថលេខាដោយលោក ណាំទុំ អតីតអភិបាលខេត្ត ហើយលោក ណាំ ទុំ ដដែលក៏បានចុះហត្ថលេខាទទួលស្គាលថា ឈ្មោះ ធួក ប៊ុនធន បានខ្ចីដីរបស់ឃុំលើកជាទំនប់ធ្វើអាងទឹកកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤។
ទាក់ទងបញ្ហានេះលោក ធួក ប៊ុនធន ភាគីម្ចាស់អាងទឹក បានឱ្យ 1Post ដឹងថា ដីនោះលោកខ្ចីពីឃុំ មិនមែនពីពលរដ្ឋទេ តែក្រោយមកទើបលោកដឹងថា ដីនេះមិនជារបស់ឃុំទេគឺជាគ្រប់គ្រងរបស់ថ្នាក់ខេត្ត (សម្លេង)។ លោកលើកឡើងទៀតថា មានពលរដ្ឋមិនតិចជាង ៥០ គ្រួសារទេដែលអាស្រ័យផលលើដីសម្បទាននោះ តែលោកមិនបានគិតប្រាក់កម្រៃអ្វីទេ។
ចំណែកលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យ 1Post យ៉ាងខ្លីថា លោកទើបឡើងថ្មីបាន២ឆ្នាំ ហើយការចាត់ចែងដីសម្បទាននោះគឺមានតែថ្នាក់ខេត្ត ខាងស្រុកពុំមានសិទ្ធិទេ លោកកំពុងរវល់ក្នុងវគ្គបណ្ដុះបណ្ដាល និងឱ្យក្រុមការងារយើងពិនិត្យមើលឯកសារកិច្ចសន្យាសម្បទានដីដែលលោកបានផ្ញើឱ្យ។
ទោះយ៉ាងនេះក្ដីអាជ្ញាធរឃុំ សមាជិកក្រុមប្រឹក្សាឃុំ បានលើកឡើងស្រដៀងៗគ្នាថា សហគមន៍ខ្លួនមិនចំណេញអ្វីពីភាគីអ្នកខ្ចីដីនោះទេ គ្រាដែលពួកគាត់ចង់ធ្វើស្រែដែលខ្លួនធ្លាប់សង្ឃឹមទុកបែជាខកបំណង (សម្លេង)។
ពួកគាត់បន្តថា សូមទទូចសុំដល់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីដែលពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ និងផ្ដល់ប្រយោជន៍ពិតប្រាកដដល់សហគមន៍ពលរដ្ឋ គ្រាដែលអ្នកចង់ធ្វើស្រែត្រូវជួលដីដែលខ្លួនធ្លាប់អាស្រ័យផលនោះទៅវិញ៕