កម្ពុជាផ្លូវទៅមុខទៀតស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ចំពោះវិបត្តិទំនិញឡើងថ្លៃ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 4 កក្កដា 2022
កម្ពុជាផ្លូវទៅមុខទៀតស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ចំពោះវិបត្តិទំនិញឡើងថ្លៃ

ខណៈសេដ្ឋកំពុងដំណើរការឡើងថ្លៃជាបន្តបន្ទាប់នៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឱ្យឡើងថ្លៃ ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេព្រោះតម្លៃប្រេងនេះ។

របាយការណ៍បច្ចុប្បន្នភាពដែលចេញផ្សាយដោយធនាគារពិភពលោក កំឡុងខែមិថុនា ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock បានព្យាករថា ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថា នឹងកើនដល់ ៦.៣% នៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីមបានថ្លែងថា យុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» បានបង្កលក្ខណៈឱ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។ ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។

កម្ពុជាផ្លូវទៅមុខទៀតស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ចំពោះវិបត្តិទំនិញឡើងថ្លៃ

បើតាមលោកស្រីបន្តឱ្យដឹងទៀតថា «កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រដែលឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាតនឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។

របាយការណ៍នោះក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងទុកនឹងមានកំណើនជាមធ្យម ៦% ក្នុងមួយឆ្នាំ ដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។

ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី ក៏ធ្លាប់បានផ្តល់អនុសាសន៍មកឱ្យកម្ពុជាផងដែរ គឺភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ៕

កម្ពុជាផ្លូវទៅមុខទៀតស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ចំពោះវិបត្តិទំនិញឡើងថ្លៃ