ម៉ាឡេស៊ីបញ្ចេញប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់មាន សម្រាប់ទប់នឹងបញ្ហាទំនិញឡើងថ្លៃ

ពិភពលោក
ថ្ថ្ងៃច័ន្ទ 27 មិថុនា 2022
ម៉ាឡេស៊ីបញ្ចេញប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់មាន សម្រាប់ទប់នឹងបញ្ហាទំនិញឡើងថ្លៃ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ម៉ាឡេស៊ី បាននិយាយថា ប្រទេសរបស់ខ្លួន នឹងអាចបញ្ចេញទឹកប្រាក់រហូតដល់ទៅ ៧៧,៣ ពាន់លានរីងហ្គីត ឬ ១៧,៦ ពាន់លានដុល្លារ សម្រាប់ការឧបត្ថម្ភធន ក៏ដូចជាការផ្តល់ជំនួយសាច់ប្រាក់ នៅក្នុងឆ្នាំនេះ ខណ:ដែលវាជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត ដើម្បីជួយទប់ទល់ទៅនឹងឥទ្ធិពលការកើនឡើងតម្លៃទំនិញ។

គួរឱ្យដឹងថា តម្លៃទំនិញនៅក្នុងប្រទេសម៉ាឡេស៊ី បានហក់ឡើងខ្លាំង ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះខាតកម្លាំងពលកម្ម និងផលប៉ះពាល់នៃសង្គ្រាម នៅអ៊ុយក្រែន។

បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានបង្ហាញឱ្យដឹងនៅក្នុងសប្តាហ៍នេះថាអតិផរណាម្ហូបអាហារបានកើនឡើង ៥,២% ធៀបទៅនឹងឆ្នាំមុននៅក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ មក។

ម៉ាឡេស៊ីបញ្ចេញប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់មាន សម្រាប់ទប់នឹងបញ្ហាទំនិញឡើងថ្លៃ

ដោយឡែក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tengku Zafrul Aziz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេព្យាករថា នឹងចំណាយទឹកប្រាក់ចំនួន ៥១ ពាន់លានរីងហ្គីត លើការឧបត្ថម្ភធនសម្រាប់ប្រជាពលរដ្ឋ ដោយមានប្រេងឥន្ធន: អគ្គិសនី និងស្បៀងអាហារ ដើម្បីអាចគ្រប់គ្រងតម្លៃទីផ្សារទំនិញ ឱ្យនៅតែស្ថិតក្នុងកម្រិតដូចបច្ចុប្បន្ន ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ ក៏បានបញ្ជាក់ទៀតផងដែរថា រដ្ឋាភិបាល ក៏នឹងធ្វើការបែងចែកទឹកប្រាក់ចំនួន ១១,៧ ពាន់លានរីងហ្គីត សម្រាប់ជំនួយជាសាច់ប្រាក់ និង ១៤,៦ ពាន់លានរីងហ្គីតនៅក្នុងការឧបត្ថម្ភធនផ្សេងទៀត។

លើសពីនេះ ប្រទេសម៉ាឡេស៊ី ក៏បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍មុនដែរថា ខ្លួននឹងបញ្ចេញទឹកប្រាក់ជិត ៤០០ លានដុល្លារ នៅក្នុងខែនេះ ដើម្បីជួយដល់គ្រួសារ ក្នុងការទបទល់ទៅនឹងការកើនឡើងថ្លៃម្ហូបអាហារ និងថ្លៃរស់នៅ៕