មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតរបស់ពិភពលោកនឹងមានអត្រា ៣,២ភាគរយសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលជាអត្រាដូចគ្នាទៅនឹងឆ្នាំ២០២៣។ ការព្យាករសម្រាប់ឆ្នាំ២០២៤ នេះត្រូវបានដំឡើងចំនួន ០,១ពិន្ទុភាគរយពីការព្យាករក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែមករា ដែលភាគច្រើនដោយសារការដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃមូលនិធិ IMF ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ «យើងមើលឃើញថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់ ប្រទេសជាច្រើនបានព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យរួចចាកផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា»។
មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសជាច្រើនក៏កំពុងបង្ហាញឱ្យឃើញពីផលប៉ះពាល់តិចជាងមុនពីជំងឺរាតត្បាតកូវីដ-១៩ និងភាពធូរស្រាយវិបត្តិចំណាយលើការរស់នៅ ដោយទិន្នផលសេដ្ឋកិច្ចវិលត្រលប់ទៅកម្រិតមុនពេលមានជំងឺរាតត្បាតលឿនជាងការព្យាករពីមុន។
លោក Gourinchas បាននិយាយថា អតិផរណាកំពុងធ្លាក់ចុះ ប៉ុន្តែវឌ្ឍនភាពក្នុងការនាំអតិផរណាឱ្យវិលត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕