ក្រុមហ៊ុនល្បីរបស់កូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាពវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 29 មិថុនា 2022
ក្រុមហ៊ុនល្បីរបស់កូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាពវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា

កាលពីថ្មីៗនេះគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងរវាង លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដឹកនាំដោយលោក ហេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការពារជាតិនិងមានការអមដំណើរពីលោក Kim Songil អនុប្រធានក្រុមហ៊ុនសាជីវកម្ម Yooshin Engineering Corporation និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។

ក្រុមហ៊ុនល្បីរបស់កូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាពវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា

គោលបំណងនៃជំនួបនេះដើម្បីពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាពសម្រាប់ចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផ្លូវថ្នល់ស្ពាននានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ 

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការបានលើកឡើង អំពីបច្ចុប្បន្នភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្ត រួមមានផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចជាការអនុវត្តនីតិវិធីទាក់ទងនឹងការសាងសង់។ លោក ថ្លែងអំណរគុណគណៈប្រតិភូក្រុមហ៊ុនដ៏ធំរបស់កូរ៉េ ដែលមកពិភាក្សាអំពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីចូលរួមជំរុញការងារគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរ។

គួររម្លឹកថា ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខាងលើនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣  មានបទពិសោធន៍លើការសាងសង់ផ្លូវល្បឿនលឿន ផ្លូវហាយវេ ផ្លូវរថភ្លើង ស្ពានខ្សែកាប ព្រលានយន្តហោះ ស្ពានធំៗ និងការអភិវឌ្ឍធនធានទឹកផងដែរ៕ SP

ក្រុមហ៊ុនល្បីរបស់កូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាពវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា