ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦,០% ដដែល

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 22 កញ្ញា 2023
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦,០% ដដែល

កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច គឺមកត្រឹម ៥,៣% ពី ៥,៥% ជាចម្បងគឺដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ។ ហើយ ADB នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤នៅ ៦,០% ដដែល។ នេះយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍បានបង្ហាញទៀតថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦,០% ដដែល

នៅក្នុងរបាយការណ៍ដដែលនោះបានបង្កើនការព្យាករណ៍កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ពី៧,៣% ទៅ៨,០%។ ការព្យាករណ៍សម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបាន​បន្ថយពី៥,៨% មក៤,៨% ហើយ​ការ​ព្យាករ​​ណ៍សម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី១,១% ទៅ០,៩%។ ចំពោះការព្យាករណ៍​អតិផរណាសម្រាប់ឆ្នាំនេះវិញគឺនៅកម្រិត៣,០% និងឆ្នាំក្រោយនៅកម្រិត៤,០%៕