
កសិករនៅខេត្តកោះកុងកំពុងស្ទះទីផ្សារទុរេន ប្រឈមនឹងការខាតបង់ ស្នើដល់អាជ្ញាធរឱ្យជួយដោះស្រាយ។
បន្ទាប់ពីឮបញ្ហានេះ កិច្ចប្រជុំមួយបានធ្វើឡើងដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ មន្ទីរពាណិជ្ជកម្ម និងតំណាងកសិករ ដើម្បីពិភាក្សារកទីផ្សារ លើកសិផលក្នុងស្រុកដូចជា ទុរេន សាវម៉ៅ និងមង្ឃុតជាដើម។
លោក សុខ សុទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា ផលទុរេនកោះកុងឆ្នាំនេះ កើនឡើងលើសពីការរំពឹងទុក ដែលធ្វើឱ្យចាល់ទីផ្សារ។ ដោយសារតែភ្លៀងធ្លាក់ច្រើនមួយរយៈចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ដល់ការដើរកម្សាន្តតាមចំការទុរេន និងអ្នកបញ្ជាទិញក៏ពុំសូវមាន។ គ្រាដែលឆ្នាំនេះមានទុរេនទើបដាំក៏ប្រមូលផលព្រមគ្នា ទើបធ្វើឱ្យធ្លាក់តម្លៃ មានចំការធំៗខ្លះសល់ ៦០តោន។

ដើម្បីដោះស្រាយបញ្ហាមន្ទីរកសិកម្ម បានជួយរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកឱ្យកសិករលក់ទុរេនចេញបានខ្លះ។ ជាមួយគ្នានេះ នៅឆ្នាំបន្ទាប់ លោកស្នើឱ្យកសិករ ចងក្រងជាបណ្ដុំសហគមន៍ ដើម្បីងាយស្រួលគ្រប់គ្រងទីផ្សារ។
សូមរម្លឹកថា ទុរេនតម្លៃបោះដុំឆ្នាំនេះបាន ១ម៉ឺនបីពាន់រៀលក្នុងមួយគីឡូ ថោកជាងឆ្នាំមុន ដែលលក់បានរហូតដល់២ម៉ឺនរៀលក្នុង១គីឡូ គ្រាដែលទុរេនរបស់កសិករមួយចំនួននៅខេត្តកោះកុងសល់រាប់សិបតោន។ ហើយមូលហេតុធ្វើឱ្យទុរេនខ្វះទីផ្សារនេះ ត្រូវបានកសិកររអ៊ូថាបណ្ដាលមកពីការនាំចូលទុរេនពីប្រទេសជិតខាងច្រើនពេក។ ក្រៅតែពីបញ្ហាទុរេន ក៏មានសាវម៉ៅ និងមង្ឃុត កំពុងប្រឈមផងដែរ៕
