កម្ពុជា បញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារស្ដារវិស័យទេសចរណ៍ឡើងវិញ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 18 ឧសភា 2022
កម្ពុជា បញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារស្ដារវិស័យទេសចរណ៍ឡើងវិញ

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា គម្រោងសហហិរញ្ញប្បទានក្នុងកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក ជាផ្នែកមួយនៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោកថា គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍នេះ បានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក។

សូមរម្លឹកថា គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍នេះ នឹងផ្តល់អត្រាការប្រាក់៦.៥ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ។

តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩អាចស្នើសុំឥណទានពីគ្រឹះស្ថាន គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម PFIs ជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។ ចំពោះថវិកាទាំង១៥០លានដុល្លារនៃក្នុងគម្រោងនេះ ដែលត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់ ម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ៕