ជើងហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជាមានចំនួនជាង៣០ជើងក្នុងមួយសប្តាហ៍ ហើយចំនួននេះរំពឹងថាអាចនឹងកើនឡើងខ្លាំងក្រោយពីបុណ្យចូលឆ្នាំចិនបានបិទបញ្ចប់នៅចុងខែមករាឆ្នាំ២០២៣នេះ។ ក្តីរំពឹងនេះធ្វើឡើងក្រោយពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ មករាកន្លងទៅ។
ក្នុងនោះហោះហើរពីភ្នំពេញទៅកាន់ទីក្រុងជាង១០ក្នុងប្រទេសចិនមានទីក្រុង ណាននីង ក្វាងចូវសិនជិន សៀងហៃ ស៊ាមៀន ឆឹងទូ គុនមីង ជិនចូវ វេនចូវ ប៉េកាំង ជាដើម។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ជនជាតិចិនភាគច្រើន នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញហើយភ្ញៀវទេសចរចិន និងអ្នកវិនិយោគក៏ផ្ដើមធ្វើដំណើរមកកម្ពុជា ដើម្បីចុះសិក្សាអាជីវកម្មនិងទេសចរណ៍។ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ក្រុមហ៊ុនអាកាសចរណ៍ធំៗកំពុងបើកដំណើរការជើងហោះហើរឡើងវិញ និង ការលក់សំបុត្រយន្តហោះបញ្ចុះតម្លៃជាច្រើនទៀត។លោករង់ចាំមើលថា ចំនួននេះអាចនឹងកើននៅក្រោយចូលឆ្នាំចិនហើយ។
សូមរម្លឹកថា បន្ទាប់ប្រទេសចិនបានបើកប្រទេសឡើងវិញកាលថ្ងៃទី៨ មករា ឆ្នាំ២០២៣រាជរដ្ឋាភិបាលកម្ពុជាមានក្ដីរំពឹងថា នឹងចំណេញសម្រាប់ការមកដល់របស់ទេសចរចិនប្រមាណ២លាននាក់ថែមទៀត ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាផ្ដើមងើបឡើងវិញ៕ រំដួល