ផេកអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កាលវេលាម៉ាង១៦:០០នាទី ថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនចំបក់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ចំនួន៩៥នាក់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ វីដេអូ https://fb.watch/cBOSHbfTLc/
ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវទប់ស្កាត់ សរុបចំនួន៩៥នាក់ (ស្រី៣៩នាក់ កុមារ១១នាក់ )មកពីខេត្តចំនួន ១០ បន្ទាប់ពីធ្វើការសួរនាំនិងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។
គួររម្លឹកថា ស្របពេលមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពលកររាប់ពាន់នាក់វិលត្រឡប់មលស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិ និងច្រករបៀងតូចៗ ខណៈមានពលករទាំងថ្មីនិងអតីតពលករបានវិលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញផងដែរ។ នេះបើតាមអង្គការសង់ត្រាល់បានឱ្យដឹង។
ការចំណាកស្រុកត្រឡប់វិញបែបនេះហើយ បង្ហាញជាការព្រួយបារម្ភមួយថា ការចំណាកស្រុកទាំងប្រថុយប្រថាននិងទៅតាមមិត្តភក្តិ សាច់ញាតិ ដោយមានពលករខ្លះទៅតាមរយៈមេខ្យល់អូសទាញជាដើម។ល។ ការចំណាកស្រុកដោយខ្វះព័ត៌មាន ឯកសារត្រឹមត្រូវ វាអាចបង្ករហានិភ័យដល់ពលករនិងគ្រួសារពលករ៕