គ្រួសារស្ត្រីស្លាប់ដោយសារពស់វែកដំបូកចឹកបន្ទោសគ្រូពេទ្យបង្អែកប៉ៃលិនថា ធ្វេសប្រហែសប្រើថ្នាំយឺត

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 4 មេសា 2023
គ្រួសារស្ត្រីស្លាប់ដោយសារពស់វែកដំបូកចឹកបន្ទោសគ្រូពេទ្យបង្អែកប៉ៃលិនថា ធ្វេសប្រហែសប្រើថ្នាំយឺត

ការបន្ទោសដូចនេះបន្ទាប់ពីស្រ្តីវ័យចំណាស់ម្នាក់បានស្លាប់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងកាលពីពេលថ្មីៗ ដោយសារតែសត្វពស់វែកដំបូកខាំដៃពេលកំពុងលូកចាប់កង្កែបក្នុងរន្ធ លុះក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បែជាលោកគ្រូពេទ្យឱ្យកូនចៅទៅស្វែងរកសត្វពស់ឱ្យឃើញទើបអាចដាក់ថ្នាំបន្សាប។ វីដេអូ https://fb.watch/jHnJaiCw65/?mibextid=cr9u03

គ្រួសារស្ត្រីស្លាប់ដោយសារពស់វែកដំបូកចឹកបន្ទោសគ្រូពេទ្យបង្អែកប៉ៃលិនថា ធ្វេសប្រហែសប្រើថ្នាំយឺត

ករណីពស់ចឹកនេះបានកើតឡើងកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅប្រឡាយរីងទឹកមួយកន្លែង ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លុះក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាន២យប់រហូតដល់ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៣ អាការ:ស្រ្តីរងគ្រោះកាន់តែហើមដៃខ្លាំងឡើងៗ និងឈឺចុកចាប់ពេញរាងកាយ ទើបគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយព្យាបាលនៅទីនោះ រហូតដល់វេលាម៉ោង៣ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង។ 

ស្ត្រីរងគ្រោះឈ្មោះ រុន ម៉ាប់ អាយុ៦០ឆ្នាំ មានប្តី ឈ្មោះ មួង កុយ និងមានកូនស្រីចំនួន៤នាក់រស់នៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

គ្រួសារស្ត្រីស្លាប់ដោយសារពស់វែកដំបូកចឹកបន្ទោសគ្រូពេទ្យបង្អែកប៉ៃលិនថា ធ្វេសប្រហែសប្រើថ្នាំយឺត

បើតាមការរៀបរាប់ពីស្រ្តី ឈ្មោះ វែន មុំ អាយុ៣៣ឆ្នាំ ត្រូវជាកូនស្រ្តីរងគ្រោះបាននិយាយដោយទាំងមិនអស់ចិត្តថា ពេលកើតហេតុនោះ គឺពស់ខាំដៃឆ្វេងម្ដាតបណ្តាលឱ្យឈាមហូរជោកដៃ តែមិនដឹងជាសត្វពស់អ្វីនោះទេ មួយសន្ទុះគាត់ក៏ងងឹតមុខដួលនៅនឹងកន្លែង លុះកូនស្រីបានគក់ច្របាច់រហូតដល់ដឹងខ្លួនក៏ប្រញាប់ដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ តែគ្រូពេទ្យគ្មានថ្នាំ និងសម្ភារ:គ្រប់គ្រាន់ ដើម្បីបន្សាបជាតិពិសក៏ប្រញាប់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ពេលទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យឱ្យលើកដាក់លើគ្រែហើយនាងប្រាប់ថា ម្តាយរបស់ខ្លួនត្រូវពស់ពិសខាំ តែមិនស្គាល់ពស់អ្វីនោះទេ។ ពេលនោះគ្រូពេទ្យសួរនាំថា មានប័ណ្ណក្រីក្ ឬទេ នាងឆ្លើយថា ម្តាយរបស់ខ្លួនមានប័ណ្ណក្រីក្រ គ្រូពេទ្យក៏សរសេរចុះក្នុងបញ្ជី និងបូមឈាម តែមិនទាន់ឃើញធ្វើអ្វីនោះទេ ស្រាប់តែភ្លាមៗនោះ គ្រូពេទ្យឱ្យទៅរកសត្វពស់ ដែលខាំម្តាយរបស់ខ្លួន ហើយក៏ប្រញាប់ឱ្យបងប្អូនទៅស្រាវជ្រាវជីករន្ធរកពស់រហូតដល់ពេលល្ងាចទើបជីករកពស់ឃើញ ប្រញាប់ជិះម៉ូតូយករូបភាពពស់ទៅឱ្យគ្រូពេទ្យមើលហើយជាអកុសលក៏បែកកង់ម៉ូតូតាមផ្លូវថែមទៀត រហូតដល់ម៉ោងប្រហែល៦ និង៣០នាទីល្ងាចថ្ងៃដដែលទៅដល់មន្ទីរពេទ្យ ទើបគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសពស់វែក។ នាងបន្តទៀតថាក្រោយពីពស់វែកខាំអស់រយ:ពេលជិត៥ម៉ោង ទើបគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិស តែអ្វីៗហាក់ដូចជាហួសពេលអស់ទៅហើយ ដោយម្តាយនាងកាន់តែចុកខ្លាំងឡើងៗ ហើយហើមម្រាមដៃរហូតដល់ក្លៀក ទើបគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តប៉ៃលិន ចាប់ផ្តើមរៀបចំបញ្ជូនបន្តទៀតទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ពេលទៅដល់ គ្រូពេទ្យទីនោះបានព្យាបាលវះកាត់ត្រង់កន្លែងហើមយកជាតិពិសចេញ និងកាត់ម្រាមដៃ១ចោល តែម្តាយនាងមិនបានធូរស្បើយនោះទេ កាន់តែឈឺចុកចាប់ខ្លាំង ហើយក៏ស្លាប់នៅទីនោះតែម្តង។ អ្វីដែលធ្វើឱ្យនាងហួសចិត្តបំផុតនោះគឺគ្រូពេទ្យឱ្យទៅរកសត្វពស់ ដែលខាំដៃម្តាយខ្លួនឱ្យឃើញសិន ទើបអាចដាក់ថ្នាំបន្សាបជាតិពិសបាន ចុះបើរកពស់មិនឃើញ តើគ្រូពេទ្យជំនាញអាចដាក់ថ្នាំបន្សាបដែរឬទេ? បើសិនជាធ្វើដូច្នេះគ្រប់អ្នករងគ្រោះដោយសារពស់ពិសខាំ ឬសត្វអ្វីខាំ នោះអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់គ្នាជាក់ជាមិនខាន ខណ:ដែលទៅរកសត្វពស់ពិសដែលខាំមិនឃើញ។ 

គ្រួសារស្ត្រីស្លាប់ដោយសារពស់វែកដំបូកចឹកបន្ទោសគ្រូពេទ្យបង្អែកប៉ៃលិនថា ធ្វេសប្រហែសប្រើថ្នាំយឺត

បើតាមស្រ្តីឈ្មោះ វែន ណូន ជាកូនពៅស្រ្តីរងគ្រោះ បានឱ្យដឹងថា ពេលម្តាយនាងឈឺចុកចាប់ខ្លាំងគ្រូពេទ្យបានសរសេរវេជ្ជបញ្ជាក្នុងក្រដាសឱ្យទៅដើររកទិញថ្នាំនៅគ្លីនិកខាងក្រៅដោយខ្លួនឯង ដើម្បីមកចាក់បំបាត់ការឈឺចាប់ ដោយប្រាប់ថាក្នុងមន្ទីរពេទ្យនេះអត់មានថ្នាំនេះទេនាងក៏ប្រញាប់រត់ទៅទិញ១ប្រអប់តម្លៃ២២០០០រៀល លុះក្រោយពេលទិញបានយកមកឱ្យគ្រូពេទ្យចាក់ឱ្យម្តាយរបស់ខ្លួន ដោយបញ្ចូលក្នុងសេរ៉ូមបាន២ដង ក៏មិនធូរស្បើយអ្វីដែរ ព្រោះអ្វីៗយឺតពេលបាត់ទៅហើយ។

លោក មួង កុយ ត្រូវជាប្តីស្រ្តីរងគ្រោះ បានឱ្យដឹងថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតប្រពន្ធរបស់ខ្លួន ដែលត្រូវពស់វែកដំបូកខាំ ហើយខំប្រឹងយកទៅឱ្យគ្រូពេទ្យជួយសង្គ្រោះ បែរជាជួបបញ្ហាអកុសលបែបនេះ។ ចំណែកអ្នករស់នៅក្បែរផ្ទះរបស់ខ្លួនត្រូវពស់ស្រកាចាស់ខាំដែរ លុះបញ្ជូនទៅមន្ទីរពេទ្យ ត្រូវគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសព្យាបាលទាន់ពេល ត្រឹមរយ:ពេល៣ថ្ងៃប៉ុណ្ណោះ ក៏ជាសះស្បើយត្រឡប់មកផ្ទះវិញ រីឯប្រពន្ធរបស់គាត់ ត្រូវពិសជ្រាបចូលពេញក្នុងខ្លួន បណ្តាលឱ្យស្លាប់ ហើយគាត់ក៏អន់ចិត្តនឹងក្រុមគ្រួពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដែរ ។ 

គ្រួសារស្ត្រីស្លាប់ដោយសារពស់វែកដំបូកចឹកបន្ទោសគ្រូពេទ្យបង្អែកប៉ៃលិនថា ធ្វេសប្រហែសប្រើថ្នាំយឺត

ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថាករណីនេះសូមខាងសារព័ត៌មានទាក់ទងទៅលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសួរនាំបញ្ចាក់ឱ្យបានច្បាស់លាស់ ព្រោះសព្វថ្ងៃនេះគ្រូពេទ្យហត់នឿយខ្លាំងណាស់។ 

ចំណែកលោក វេជ្ជបណ្ឌិត គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថាករណីស្រ្តីវ័យចំណាស់រងគ្រោះខាងលើ គឺត្រូវបានសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តយឺតពេលបន្តិច ដោយលោកសូមបដិសេធចំពោះការលើកឡើងរបស់គ្រួសារគាត់ដែលថាមានការរើសអើងចំពោះអ្នកជំងឺមានប័ណ្ណក្រីក្រ ព្រោះពេទ្យត្រូវតែសួរនាំ បើមានប័ណ្ណក្រីក្រគ្រូពេទ្យមិនយកថវិកាទេ ហើយធ្វើការព្យាបាលដូចគ្នាអ្នកជំងឺទូទៅដែរ។ លោកបន្តទៀតថាការចោទប្រកាន់ថាគ្រូពេទ្យមិនយកចិត្តទុកដាក់នោះមិនពិតទេ គឺគ្រូពេទ្យបានខិតខំប្រឹងប្រែងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយចំពោះការដែលឱ្យកូនចៅទៅរកសត្វពស់ គឺគ្រូពេទ្យមិនអាចចាក់ថ្នាំផ្តេសផ្តាសដល់អ្នកជំងឺបានឡើយ ថ្នាំបន្សាបពិសពស់មានប្រភេទផ្សេងៗពីគ្នា ហើយពេលបូមឈាមមើល ស្រ្តីរងគ្រោះខាងលើមានឈាមកកធម្មតា មិនមានអ្វីប្លែកនោះទេដោយខុសពីអ្នកជំងឺដទៃក្រោយពេលពស់ពិសខាំ គឺឈាមគាត់ក្លាយជារាវ ហើយគ្រូពេទ្យក៏ដាក់ថ្នាំបន្សាបជាសះស្បើយឡើងវិញ។ ម្យ៉ាងវិញទៀត ការដែលពេទ្យឱ្យក្រុមគ្រួសារជនរងគ្រោះទៅរកទិញថ្នាំបំបាត់ហើមនៅខាងក្រៅ ដោយសារក្នុងមន្ទីរពេទ្យដាច់ស្តុក តែខាងពេទ្យជាអ្នកចេញថវិកាជំនួស ហើយស្រ្តីរងគ្រោះខាងលើ គាត់មានអាការ:រាករុស និងមានជំងឺផ្សេងៗទៀតប្រចាំកាយដែរ ទើបក្រោយមកក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង គាត់មិនមានបញ្ហាអ្វីកើតឡើងនៅមន្ទីរពេទ្យខេត្តប៉ៃលិនទេ៕