ក្រោយពេលទទួលបានដីការបស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិនប្រជាពលរដ្ឋប្រមាណជាង២០នាក់ ក្នុងចំណោមជាង១០០គ្រួសាររស់នៅចំណុចសំបុកចាប ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលើកគ្នាសុំកិច្ចអន្តរាគមន៍ពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅមុខសាលាខេត្តប៉ៃលិន។ វីដេអូ https://fb.watch/eY84eqsY1T/
ប្រភពព័ត៌មានពីក្រុមប្រជាពលរដ្ឋបានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ក្រោយពីបានឃើញដីកា ដែលគេយកទៅប្រគល់ជូនពួកគាត់ដល់មុខផ្ទះ ធ្វើឱ្យម្នាក់ៗ ស្រឡាំងកាំង មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងទទូចចង់បានយុត្តិធម៌ពិតប្រាកដ។
ដីនោះសរសេរថា ជាសំណុំរឿងព្រហ្មទណ្ឌលេខ៧៥ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ជាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៤៦ ព,ស/២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដែលសម្រេចចោទប្រកាន់លើពួកគាត់ និងបក្ខពួក២៤នាក់ពីបទ ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីអំឡុងឆ្នាំ២០១០រហូតមកដល់អំឡុងឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល។ ក្នុងដីកាក៍បង្គាប់មកឈ្មោះ កែ សុវណ្ណ ភេទប្រុស មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់
ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យចូលទៅកាន់សាលាដំបូងខេត្តប៉ៃលិននៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ វេលាម៉ោង ០៩និង៣០នាទីព្រឹក នៅបន្ទប់ស៊ើបសួរ “ក” ដើម្បីសួរយកចម្លើយពីដំណើររឿងពាក់ព័ន្ធនឹងសំណុំរឿងខាងលើ។
ពួកគាត់បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅអាស្រ័យផល លើដីក្នុងភូមិខាងលើនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយអាជ្ញាធរមូលដ្ឋានតែងតែសន្យាធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ នៅមុនពេលបោះឆ្នោតឃុំ/សង្កាត់ តែមិនទទួលបានផលនោះទេ លុះរហូតមកដល់ពេលនេះ ស្រាប់តែទទួលបានដីកាកោះហៅឱ្យចូលខ្លួន ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងជាពិសេសដេកមិនលក់ បក់មិនល្ហើយឡើយ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តចេញមកសម្របសម្រួល ដោយស្រង់យកឈ្មោះរបស់ពួកគាត់ខាងលើទៅជូនលោកជំទាវអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕ 1Post