លោក ជា សីហា ប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិនបានបញ្ជាក់ថា លោកមិនបានលក់រថយន្តអង្គភាពដូចការដែលជាព័ត៌មានលាបពណ៌នោះទេគ្រាដែលបែកធ្លាយដំណឹងមកថា លោកបានលក់ ហើយសន្យារកទិញសងវិញ តែយូរឆ្នាំមកហើយមិនឃើញទិញសងតាមការសន្យា។
ប្រភពដំណឹងបានបង្ហើបឱ្យដឹងថា រថយន្តដែលលក់នោះប្រភេទ Pick Up ម៉ាសដា (MAZDA BT50) ពណ៌ស ផលិតឆ្នាំ២០១៣ កម្លាំងសេស ៣០០០ តួលេខ MMBUPODD100200 258 លេខម៉ាស៊ីន PA4T1150469U207 ពាក់ស្លាកលេខ ន.ប 2-2034 (ដោះចេញក្រោយពេលលក់) ខណ:ដែលរថយន្ត១គ្រឿងនេះគឺមានតម្រូវការប្រើនៅក្នុងអង្គភាព។ រថយន្តនេះបានមកពីការយកថវិកាគោលដៅចរាចរណ៍ទៅទិញ ដោយកាលពីមុនមន្រ្តីចរាចរដាក់គោលដៅក្នុង១ថ្ងៃទទួលបានថវិកា១លានរៀល ពេលខ្លះជាង១លានរៀល ហើយកាលនោះនាយការិយាល័យផ្តល់ជូនមន្រ្តីម្នាក់ៗក្នុង១ថ្ងៃចំនួន២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ដោយសល់ប៉ុន្មានទុកសម្រាប់ទិញរថយន្តប្រើប្រាស់ក្នុងអង្គភាព។
ក្រោយពីទិញប្រើប្រាស់មិនបានប៉ុន្មានផង ស្រាប់តែលោកនាយយកទៅលក់តែម្តង ដោយសន្យាទិញរថយន្តថ្មីសងជំនួសវិញ តែក៏មិនថាលក់បានប្រាក់ប៉ុន្មាន ពោលគឺលោកប្រធានអត់ឱ្យដឹងនោះទេ ដោយមានការលាក់លៀមតែម្នាក់ឯង។ កាលពីទិញរថយន្តខាងលើ គឺគេបានឱ្យដឹងពីតម្លៃចំណាយចំនួន ១៤០០០ដុល្លារជារថយន្តឈ្មួញនាំចូលមកពីប្រទេសថៃ។
លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកកំពុងជាប់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកមកកាន់ជាស្នងការនគរបាលខេត្តប៉ៃលិន ខាងលោកអត់ដឹងរឿងលក់រថយន្តអង្គភាពនោះទេ ហើយបើមានដូចការលើកឡើងមែនខាងលោកនឹងបំភ្លឺជូននៅពេលក្រោយ។
បើតាមលោក គិត ធីរ៉ា ស្នងការរងទទួលបន្ទុកចរាចរណ៍បានឱ្យដឹងថា ខាងលោកមកកាន់ស្នងការរងខេត្តប៉ៃលិនមិនទាន់ការលក់ដូររថយន្តខាងលើដែរ ដោយរថយន្តខាងលើនេះ ត្រូវគេលក់ជាយូរមកហើយ ហើយខាងសាវនកម្មចុះមកធ្វើអធិការកិច្ចក៏បានត្រួតពិនិត្យមើលឃើញថាប្រធានការិយាល័យចរាចរណ៍ជើងគោកនេះបានលក់រថយន្តម៉ាសដាខាងលើមែន ហើយគេតម្រូវឱ្យទិញរថយន្តសងអង្គភាពវិញ។ តែក្រោយពីលក់បានថវិកាយកសម្រាប់ចាយវាយខ្លួនឯងហើយខាងអធិការកិច្ចទាមទារឱ្យសងវិញ ខណ:ថ្នាក់លើចុះពិនិត្យបែរជាប្រាប់ថា រថយន្តខាងលើខូចកំពុងធ្វើនៅជាង ហើយគេទាមទារឱ្យថតរូបរថយន្តមកមើល តែគ្មាននោះទេគឺលក់បាត់ហើយ។
ពាក់ព័ន្ធទៅនឹងការសង្ស័យរឿងលក់រថយន្តនេះ លោក ជា សីហា ប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងយ៉ាងខ្លីថា លោកអត់ដឹងរឿងនោះទេគឺអត់មានការលក់រថយន្តអង្គភាពដូចការលើកឡើងនោះទេ ជាព័ត៌មានលាបពណ៌៕ ព័ត៌មានបឋម