ក្រោយបែកការប្រពន្ធដឹកដៃកូនប្តឹងសមត្ថកិច្ចឱ្យចាប់លោកប្ដីចុង ករណីរំលោភកូនស្រីជាច្រើនដង និងគម្រាមសម្លាប់ បើហ៊ានប្រាប់ម្តាយនាង ឬអ្នកជិតខាង។
ជនសង្ស័យជាឪពុកចុង ឈ្មោះ ខាន់ សាវុធ ភេទប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិសូភីជើង ឃុំសូភីស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នាងជនរងគ្រោះឈ្មោះ សវសអ អាយុ១៥ឆ្នាំ រស់នៅជុំគ្នាជាមួយម្តាយ និងជនសង្ស័យ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា មុនពេលបែកការនាងរងគ្រោះម្តាយ និងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ពេលត្រឡប់មកវិញ ក៏យប់ងងឹតហើយនាំគ្នាសុំផ្ទះអ្នកស្គាល់គ្នា នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ស្នាក់នៅមួយយប់។ ហូបបាយពេលល្ងាចរួចម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ ជាឱកាសនាំឲ្យជនសង្ស័យបានចូលទៅចាប់ក្មេងស្រីរងគ្រោះក្នុងបំណងរំលោភ តែក្មេងរងគ្រោះស្រែក ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នា រួចបានទៅដាក់ពាក្យបណ្តឹង។ ពេលសាកសួរឪពុកចុងរូបនេះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ជាច្រើនដង ហើយគម្រាមថា បើនាងរងគ្រោះហ៊ានប្រាប់ ម្តាយ ឬអ្នកជិតខាង នឹងសម្លាប់ចោលទាំងអស់។ ចំណែកនាងរងគ្រោះក៏បានបំភ្លឺថា ជនសង្ស័យបានចាប់នាងរំលោភរយៈពេល ២ឆ្នាំហើយ មានចំនួនច្រើនដង ជនសង្ស័យតែងតែឆ្លៀតឱកាសពេលម្តាយនាងមិននៅ។
ក្រោយសួរនាំចប់នៅថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕