ភ្នំពេញ៖ ជារឿងភ្ញាក់ផ្អើលមានស្ត្រីម្នាក់ទទូចសុំលែងប្តីជាច្រើនលើកច្រើនសាតែប្តីមិនព្រម និងថែមទាំងត្រូវក្រុមគ្រួសារស្តីបន្ទោសទៀតផង។ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធបែកគំនិតរត់ចោលផ្ទះបាត់ហើយប្រឌិតរឿងប្រាប់ប្ដីថា ត្រូវគេចាប់បង្ខាំងរំលោភបូក និងធ្វើទារុណកម្ម ជាហេតុធ្វើឱ្យបុរសជាប្តីភ័យឆោឡោ រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកអស់រយៈពេល៣ថ្ងៃ ទើបរកឃើញស្ត្រីជាប្រពន្ធ និងដឹងការពិតថា ជារឿងប្រឌិតឡើងទាំងអស់ព្រោះតែចង់លែងប្តីឱ្យបានសម្រេច។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះពេន ចាន់ថា ដោយបានប្តឹងពីករណីបាត់ប្រពន្ធរបស់ខ្លួន ឈ្មោះរី ចន្ថា ដោយទទួលដំណឹងថា ត្រូវបានគេចាប់បង្ខាំង រំលោភបូកធ្វើទារុណកម្ម និងគំរាមសម្លាប់។
ក្រោយពីបានទទួលបណ្តឹងហើយបើកការស្រាវជ្រាវអស់រយៈពេល ៣ថ្ងៃ និងដោយមានការសហការជាមួយកម្លាំងស្នងការដ្ឋាននគររាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវទីបំផុតសមត្ថកិច្ចបានរកឃើញស្ត្រីរងគ្រោះ នៅផ្ទះមិត្តភក្តិដែលរាប់អានគ្នា។ លុះពេលរកឃើញស្ត្រីជាប្រពន្ធ ទើបដឹងថា ការពិតមិនមានករណីចាប់បង្ខាំងរំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់អ្វីទាំងអស់ គឺជារឿងប្រពន្ធប្រឌិតឡើងទាំងដើម្បីគេចវេះពីសម្ពាធក្រុមគ្រួសារនិងប្តី ខណៈដែលរូបនាងបានស្នើសុំលែងលះប្តីជាច្រើនដងតែមិនបានសម្រេច។
បច្ចុប្បន្ននាយកដ្ឋានជំនាញ បានធ្វើការណែនាំអប់រំ គ្រាដែលសាមីខ្លួនបានទទួលស្គាល់កំហុសនិងធ្វើការសុំទោសជាលាយលក្ខណ៍អក្សរ ចំពោះសមត្ថកិច្ច ដោយសន្យាមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ ហើយក៏ត្រឡប់ទៅផ្ទះវិញ៕ រំចង់