សៀមរាប៖ ឃាតកម្មនោះបានកើតឡើង តាំងពីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចបរិវេណផ្ទះជនរងគ្រោះ ស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកជនដៃដល់ដែលជាគូសង្សាសមត្ថកិច្ចបានចាប់ខ្លួននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបានបើកការស្រាវជ្រាវរកឃើញភស្ដុតាង។
ជនសង្ស័យទី១.ឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ទី២.ឈ្មោះ ឡាយសាលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរៈសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្ត សៀមរាប ជាបងស្រីបង្កើតរបស់ក្មេងរងគ្រោះ។
កម្លាំងជំនាញពិនិត្យរកឃើញថាសពក្មេងប្រុសឈ្មោះ ឡាយ ប៉ុនលេង អាយុ ១១ឆ្នាំ៤ខែ មុខរបរជាសិស្ស មានស្នាមរឹតត្រង់កទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួននិងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។ សមត្ថកិច្ចរកឃើញវត្ថតាងមាន ខ្សែរក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែរចងអង្រឹងពណ៌ខ្មៅ ១កំណាត់ប្រវែង ០,៩២ម៉ែត្រ និងអង្រឹងប៉ារ៉ាចំនួន ១។
ឆ្លងកាត់ការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា នៅថ្ងៃកើតហេតុគឺខ្លួន និងប្អូនប្រុស (សព)នៅផ្ទះតែ ២នាក់ ចំណែកឪពុកម្តាយទៅស្នាក់ នៅនិងធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវស្រុកជីក្រែង។ នៅម៉ោង១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើសារតាមហេ្វសប៊ុកមកថាគេសុំមកលេងផ្ទះ នាងក៏យល់ព្រម។ លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានឱបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុចរោងដាក់ឈើក្រោយផ្ទះ។ ពេលកំពុងរួមភេទស្រាប់តែប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់។ ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះបំបិទមាត់តែម្តង ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះចំត្រង់ក ផ្នែកខាងក្រោយមួយដៃបណ្តាលឱ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ជើងជនរងគ្រោះទាំងសងខាង។ ឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទាំងពីរមួលបំបាក់កសពតែម្តង។
ចំណែកចម្លើយបរសជាគូស្នេហ៍ឈ្មោះ ចិត្ត ភន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ខ្លួនជាអ្នកវាយមួលបំបាក់កជនរងគ្រោះ និងបានយកខ្សែរក្រវ៉ាត់ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទាប់មកយកខ្សែរក្រវ៉ាតទៅចងភ្ជាប់នឹងខ្សែរអង្រឹង ដោយបង្វែថាជាករណីអត្តឃាតកម្មដោយចងកសម្លាប់ខ្លួន៕