ករណីសម្លាប់ជនរងគ្រោះហើយយកទៅចងក បំណងក្លែងអង្គហេតុនៅចំណុចផ្ទះទុកចោលមួយស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែ០៦ឆ្នាំ២០២៣ បានធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះដែលកំពុងក្រីក្រកាន់តែតោយាក ព្រោះបាត់បង់មនុស្សបង្គោលដែលខំរកចំណូលផ្គត់ផ្គង់ជីវភាព។ នេះបើតាមការឱ្យដឹងពីលោកយាយឈ្មោះសួន សាន់ ត្រូវជាម្ដាយជនរងគ្រោះ។ សម្លេង……
ជនរងគ្រោះមានឈ្មោះ ភៀវ ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្តិសុខយាមនៅកាស៊ីណូរបស់ក្រុមហ៊ុនលីយ៉ុងផាត់ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។
ទាក់ទងករណីនេះលោកឧត្ដមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យបានឱ្យ 1Post ដឹងថា បើតាមក្រុមជំនាញបច្ចេកទេសធ្វើកោសលវិច័យសពនោះជាអំពើឃាតកម្មគ្រោងទុកជាមុន។ ក្រោយមកបន្ទាប់ពីស្រាវជ្រាវសមត្ថកិច្ចបានឃាត់ខ្លួនជសង្ស័យចំនួន ៥នាក់។ បច្ចុប្បន្នសំណុំរឿងនេះត្រូវបានបញ្ចូនទៅសាលាដំបូងខេត្តហើយ។
ចំណែកលោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្ដរមានជ័យ បានឱ្យក្រុមការងារ 1Post ដឹងថា សំណុំរឿងនេះស្ថិតនៅដៃចៅក្រមកំពុងតែចាត់វិធានតាមនីតិវិធី។
សូមរម្លឹកថា ក្រោយគេផ្អើលឆោឡោឃើញសពជនរងគ្រោះចងក ឈ្មោះ វ៉ៃ វ៉ាន់ ត្រូវជាអុំប្រុសបង្កើតជនរងគ្រោះបានទៅដល់កន្លែងកើតហេតុជាមួយនគរបាលបានរៀបរាប់ឱ្យដឹងថា នៅក្បែរកន្លែងកើតហេតុមានភួយមួយ និងមានស្នាមកែងជើងអូសទៅដល់ទីតាំងចងក ហើយពីក្រោមជើងសាកសពគ្មានអ្វីសម្រាប់ជាន់មុននិងចងកនោះទេ សាកសពអត់លៀនអណ្តាត និងលៀនភ្នែកទើបគេសន្និដ្ឋានជាបឋមថា ការសម្លាប់នោះនៅទីកន្លែងផ្សេងហើយអូសយកមកចងក។ ក្នុងនោះមុនពេលកើតហេតុប្រហែលម៉ោងចន្លោះ៧ទៅ៨ព្រឹក មានគេឃើញជនរងគ្រោះឌុបមនុស្សប្រុសម្នាក់ចូលទៅចំណុចផ្ទះកើតហេតុ ហើយមួយសន្ទុះក៍ឃើញបុរស២នាក់ចេញមកវិញ តែមិនមែនជនរងគ្រោះ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហើបឱ្យដឹងពីដើមហេតុនាំឱ្យឈានដល់កើតអំពើរឃាតកម្មនេះនៅឡើយគ្រាដែលគេសង្ស័យផ្ដើមចេញពីករណីគ្រឿងញៀន៕ វិចិត្រ
ទស្សនាវីដេអូ ៖ https://fb.watch/lD2yXx85VB/?mibextid=cr9u03