ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋដែលនាំគ្នាធ្វើដំណើរនៅតាមដងផ្លូវក្បែររង្វង់មូលវិមានឯករាជ្យព្រលឹងចុងសក់ ខណ:ពេលកំពុងធ្វើដំណើរ មានរថយន្តដឹកស្រាបៀ១គ្រឿង កំពុងបើកបរសុខៗស្រាប់តែរបើកគន្លឹះទ្វារផ្នែកចំហៀងខាងស្តាំ បណ្តាលឱ្យជ្រុះកេសស្រាបៀរអាន់ឆើ(Anchor) បែកអស់ជាច្រើនហូរស្រោចពេញផ្លូវ គិតជាទឹកប្រាក់អស់ប្រហែល១០០០ទៅ២០០០ដុល្លារ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្បែររង្វង់មូលវិមានឯករាជ្យ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឡើងដោយរថយន្តពាក់ស្លាកលេខ ប៉ៃលិន 3A-1206។
ក្រោយពេលកើតហេតុភ្លាមៗ ម្ចាស់ស្តុកស្រាបៀររស់នៅក្នុងក្រុងប៉ៃលិន បានឱ្យកម្មករប្រមូលស្រាបៀរដែលជ្រុះដាក់លើរថយន្តផ្សេង ដើម្បីយកទៅដាក់លក់ដូរនៅ ក្នុងស្តង់របស់ខ្លួននាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនេះ។
ក្នុងនោះនគរបាលក៏ធ្វើការអប់រំណែនាំ ដល់ម្ចាស់រថយន្ត និងម្ចាស់ក្រុមហ៊ុនស្រាបៀរខាងលើដោយមុននឹងបើកបរដឹកស្រាបៀរទៅលក់ដូរចែកចាយនៅកន្លែងណាមួយ ត្រូវត្រួតពិនិត្យគន្លឹះរថយន្តរបស់ខ្លួនឱ្យបានហ្មត់ចត់ជាមុនសិន ដើម្បីជៀសវាងករណីគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខាតបង់ពេលវេលា និងទ្រព្យសម្បត្តិ ថែមទាំងអាច់ប៉ះពាល់ដល់អ្នកដទៃផងដែរ៕