កំពត៖ លោកឧកញ៉ា ប៉ែន នួន អតីតទាហានខ្មែរក្រហមត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅពន្ធធនាគារខេត្តកំពត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីលោក ម៉ែន វណ្ណៈអនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅបានសម្រចចេញដីកាបង្គាប់ឱ្យឃុំខ្លួនឧកញ៉ា ប៉ែន នួន ដោយអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់។
ដីកាបង្កាប់របស់លោកចៅក្រម ម៉ែន វណ្ណៈ បានបញ្ជាក់ថា «ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិព្រៃពាយ និងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែមិថុនា ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។
ទាក់ទងនឹងចំណាត់ការនេះដែរប្រជាពលរដ្ឋ២២៦គ្រួសារ ពាក់ព័ន្ធនឹងសំណុំរឿងនេះបានសម្តែងអំណរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកចៅក្រម ម៉ែន វណ្ណៈ មកលើឧកញ៉ានេះ។ព្រមគ្នាជាមួយនឹងសេចក្តីសប្បាយរីករាយ ប្រជាពលរដ្ឋរងគ្រោះខាងលើនេះ ក៏បានស្នើសុំឱ្យតុលាការ និងរដ្ឋបាលខេត្តកំពត ជួយទាមទារយកឯកសារដីធ្លីជាច្រើនហិកតា ដែលឧកញ៉ា ប៉ែននួន បោកប្រាស់ថា យកទៅថតចម្លងដើម្បីធ្វើប័ណ្ណរឹងមាំឱ្យ តែបែរជាថាបាត់អស់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមកឱ្យប្រជាពលរដ្ឋវិញផង។
សូមរំលឹកថា ឧកញ៉ា ប៉ែន នួន គឺអគ្គនាយកក្រុមហ៊ុន ចំរើន កសិឧស្សាហកម្ម អភិវឌ្ឍន៍ (កម្ពុជា) អ៊ឹមផត អ៊ិចផត ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសម្តងរួចមកហើយ កាលពីរសៀលថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០ ពីបទឆបោក។
បើយោងតាមក្រមព្រហ្មទណ្ឌបានចែងថា មាត្រា៣៧៨ នៃអំពើឆបោក និងមាត្រា៣៩២ នៃអំពើរំលោភលើទំនុកចិត្ត ប្រសិនបើតុលាការយកឃើញកំហុសទាំងពីរមែននោះឧកញ៉ា ប៉ែត នួន អាចប្រឈមមុខជាប់ពន្ធនាគារសរុបរហូតដល់ដប់ប្រាំពីរឆ្នាំ និងពិន័យជាប្រាក់សរុបដល់១២លានរៀល៕