សំណុំរឿងយកសាំងដុតមនុស្សទាំងរស់ បន្លាយពេលជិត៣ឆ្នាំ នឹងប្រកាសសាលក្រមនៅចុងខែវិច្ឆិកានេះ គ្រាកន្លងទៅបុរសរងគ្រោះប្ដឹង ACU

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 5 វិច្ឆិកា 2021
សំណុំរឿងយកសាំងដុតមនុស្សទាំងរស់ បន្លាយពេលជិត៣ឆ្នាំ នឹងប្រកាសសាលក្រមនៅចុងខែវិច្ឆិកានេះ គ្រាកន្លងទៅបុរសរងគ្រោះប្ដឹង ACU

បើតាមពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោក សៀង សុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ, លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុនិងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ដោយបានជម្រាបប្រាប់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា មន្ត្រីជាន់ខ្ពស់ដូចខាងលើនេះពាក់ព័ន្ធភាពមិនប្រកតីសង្ស័យប្រព្រឹត្តអំពើពុករលួយ ស៉ីសំណូកសូកប៉ាន់ជាប្រព័ន្ធលើករណីចាក់សាំងដុតមនុស្សទាំងរស់បណ្ដាលឱ្យរលាកលើមុខ និងដងខ្លួនជាច្រើនកន្លែង។

ខ្លឹមសារសង្ខេបនៃបណ្ដឹងនេះ គឺការមានចេតនាបិទបាំងការពារជនសង្ស័យម្នាក់ ឈ្មោះ លី ស្រេងអាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលរងការចោទជាឧក្រិដ្ឋជនប៉ុនប៉ងមនុស្សឃាតឱ្យរួចពីការឃុំខ្លួនករណីបទល្មើសជាក់ស្ដែងចាក់សាំងដុតមនុស្សទាំងរស់នៅមុខសមត្ថកិច្ចព្រោះតែទំនាស់ដីធ្លីនៅខេត្តព្រះសីហនុនាពេលកន្លងទៅ។

សំណុំរឿងយកសាំងដុតមនុស្សទាំងរស់ បន្លាយពេលជិត៣ឆ្នាំ នឹងប្រកាសសាលក្រមនៅចុងខែវិច្ឆិកានេះ គ្រាកន្លងទៅបុរសរងគ្រោះប្ដឹង ACU

ទាក់ទងនឹងបណ្ដឹងនេះដែរលោក សៀង សុខ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងលោក ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុមិនទាន់សូមការបញ្ជាក់បាននៅឡើយនាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោកទាំង២ មិនទាន់តបសារសំណួរដែលក្រុមការងារយើងបានផ្ញើចូលទៅតេឡេក្រាម។

ចំណែកលោក លី ស្រេង ជាជនសង្ស័យកំពុងរស់នៅក្រៅឃុំ ដែលរងការចោទថា បានប៉ុនប៉ងធ្វើមនុស្សឃាតយកសាំងដុតមនុស្សទាំងរស់ 1Post នៅមិនទាន់សុំការបញ្ជាក់បាននៅឡើយ។

សូមបញ្ជាក់ថា ករណីខាងលើកើតឡើងតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែជនសង្ស័យលោក លីស្រេង មិនបានឃុំខ្លួននោះទេ បន្ទាប់ពីបានឃាត់ខ្លួនមួយគ្រានៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តព្រះសីហនុហើយក៏ត្រូវឱ្យនៅក្រៅឃុំរហូតដល់ពេលនេះ។ នៅក្នុងនោះដំណើរការនីតិវិធីរបស់សាលាដំបូងខេត្តព្រះសីហនុមានជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៩មក គ្រាដែលលោកចៅក្រម ឆែ វិវឌ្ឍនៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចកំណត់ប្រកាសសាលក្រមលើសំណុំរឿងនេះនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

សំណុំរឿងយកសាំងដុតមនុស្សទាំងរស់ បន្លាយពេលជិត៣ឆ្នាំ នឹងប្រកាសសាលក្រមនៅចុងខែវិច្ឆិកានេះ គ្រាកន្លងទៅបុរសរងគ្រោះប្ដឹង ACU

លោក កៅ ភូ មេធាវីការពារជនរងគ្រោះ បានលើកឡើងថា ទោះបីកូនក្តីរបស់លោកជាជនក្រីក្រក៏ដោយតុលាការនឹងមិនលើកលែងទោសដល់ជនល្មើសឈ្មោះ លី ស្រេង ឡើយ ព្រោះនេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរដូច្នេះជនល្មើសអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

បើតាមអ្នកច្បាប់បានពន្យល់ថា ទោសព្រហ្មទណ្ឌ ទាក់ទងបទមជ្ឈឹម និងបទឧក្រិដ្ឋ ការសម្រេចឃុំខ្លួនឬឱ្យនៅក្រៅឃុំតាមនីតិវិធីជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលយោងទៅនឹងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌដែលក្នុងនោះក៏អាស្រ័យទៅលើអង្គហេតុពិតនៃដំណើររឿងជាក់ស្ដែងផងដែរ៕ តាពេជ្រ

សំណុំរឿងយកសាំងដុតមនុស្សទាំងរស់ បន្លាយពេលជិត៣ឆ្នាំ នឹងប្រកាសសាលក្រមនៅចុងខែវិច្ឆិកានេះ គ្រាកន្លងទៅបុរសរងគ្រោះប្ដឹង ACU